ម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មធំទី១៥របស់កម្ពុជា ហើយឆ្នាំនេះការធ្វើពាណិជ្ជកម្មទ្វេរភាគីបានកើនឡើង

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ កត់សំគាល់ត្រឹមខែដំបូង ឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងភាគីទាំង ២ មានទឹកប្រាក់ជាង៤៦លានដុល្លារ កើនជាង៣៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនឡើងជាង៨៣ភាគរយ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)បានឲ្យដឹងថា ជញ្ជីងពាណិជ្ជកម្មកត់ត្រាដោយ GDCE បង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ម៉ាឡេស៊ី មានទំហំប្រាក់សរុប៤៦,៤១លានដុល្លារ កើន ៣៥,២ ភាគរយ ធៀបខែមករា ឆ្នាំ២០២៣ ដែលមាន៣៤,៣២ លានដុល្លារ។
នៅក្នុងចំនួននេះទំនិញម៉ាឡេស៊ី នាំមកកម្ពុជាមានទឹកប្រាក់ ៣៥,៣២លានដុល្លារ កើន២៥,៦ភាគរយ និងទំនិញកម្ពុជានាំទៅម៉ាឡេស៊ី១០,៤៩លានដុល្លារ កើនឡើង៨៣,១ភាគរយ។
ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនលីលី ហ្វូតអ៊ីនដាសទ្រី ខូ អិលធីឌី លោកជំទាវឧកញ៉ាកែវ មុំ បានឱ្យដឹងថា ម៉ាឡេស៊ីជាទីផ្សារធំមួយ ក្នុងតំបន់ ដែលកម្ពុជាត្រូវខិតខំពង្រីកបន្ថែមទៀត ព្រោះកម្ពុជានៅមានផលិតផលសក្តានុពលជាច្រើន សម្រាប់នាំទៅទីនោះ ពិសេសផលិតផលកសិកម្ម។
លោកជំទាវថ្លែងថា “ខ្ញុំគិតថា ការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងភាពរីកចម្រើននៃវិស័យកសិកម្ម នឹងជួយឱ្យសម្ទុះនៃការនាំចេញផលិតផល កសិកម្មកម្ពុជាទៅប្រទេសម៉ាឡេស៊ី កើនឡើងខ្ពស់នៅពេលអនាគត”៕
ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here