តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ដោយសារការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការប្រេងនៅក្នុងប្រទេសចិន ប៉ុន្តែ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា និងរុស្ស៊ី បានធ្វើឱ្យការធ្លាក់ចុះមានកម្រិតតិចតួចនៅឡើយ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤៨សេន ឬ០,៦% មកនៅត្រឹម៨១,៦០ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0129 GMT ខណៈដែលតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៥០សេន មកនៅត្រឹម៧៧,៥១ដុល្លារក្នុងមួយបារ៉ែល។

យោងទៅតាមទិន្នន័យ ដែលបង្ហាញពីការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិក ក្នុងខែកុម្ភៈ បានបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកអាចនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងនៅតែជឿជាក់ និងរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីចុងសប្តាហ៍បានបង្ហាញថា នៅក្នុងខែកុម្ភៈ អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ គឺ៣,៩% បន្ទាប់ពីអត្រានេះបានស្ថិតនៅទ្រឹងក្នុងរង្វង់៣,៧% អស់រយៈពេល៣ខែជាប់ៗគ្នា គិតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដល់ខែមករា ឆ្នាំ២០២៤នេះ។

លោក Tai Wong ពាណិជ្ជករលោហៈធាតុឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានអះអាងថា របាយការណ៍ការងារនេះនឹងត្រូវបានគេមើលឃើញថា ជាកត្តាដែលជំរុញឱ្យធនាគារ Fed ពិចារណាកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងសម្រាប់ខែមិថុនាខាងមុខ។

យោងតាមទិន្នន័យផ្សេងទៀតបានបង្ហាញថា កំណើនអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកនៅក្នុងខែមករា ស្ថិតក្នុងកម្រិតទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ ដែលការណ៍នេះនាំឱ្យអ្នកវិនិយោគបង្កើនក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ក្នុងខែមិថុនាខាងមុខ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃច័ន្ទនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០២,៦៨ពិន្ទុ បន្ទាប់ពីធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ខែ គឺ១០២,៣៣ពិន្ទុកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ មុនពេលចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលអាចពន្លឿន ឬពន្យារពេលការចាប់ផ្តើមនៃការកាត់បន្ថយអត្រាការប្រាក់សកល។

តួយ៉ាង សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៨ខែកាលពីថ្ងៃសុក្រ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២,៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៩៤ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០៣១ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,៦៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here