ទីផ្សារស្មាតហ្វូនរបស់តំបន់អាស៊ានកំពុងស្ទុះងើបឡើងវិញយ៉ាងគំហុក នៅដើមឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារស្មាតហ្វូននៅតំបន់អាស៊ាន បន្តស្ទុះងើបឡើងវិញ នៅដើមឆ្នាំ២០២៤នេះ ខុសផ្ទុយពីតំបន់ផ្សេងទៀត ខណៈការបើកចំហទីផ្សារអាស៊ានសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទបានបន្តទាក់ទាញម៉ាកយីហោល្បីៗ និងការវិនិយោគកាន់តែច្រើន។

ការនាំចេញស្មាតហ្វូនពីទីផ្សារកំពូលទាំង៥ នៅក្នុងតំបន់អាស៊ាន រួមមាន ឥណ្ឌូនេសុី ហ្វីលីពីន ថៃ វៀតណាម និងម៉ាឡេសុី មានចំនួន៧,២៦លានគ្រឿង ក្នុងខែមករា កើនឡើង២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមការស្រាវជ្រាវពីក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យា Canalys។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Canalys បង្ហាញថា ឥណ្ឌូនេស៊ីនៅតែជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតនៅតំបន់អាស៊ាន ដែលមានចំណែក៣៨% នៃការនាំចេញសរុបនៅក្នុងខែមករា ឆ្នាំ២០២៤នេះ។

ទីផ្សារធំបំផុតទី២ គឺប្រទេសហ្វីលីពីន ដែលបានបង្ហាញពីកំណើននៃការនាំចេញស្មាតហ្វូនដ៏រឹងមាំបំផុត ក្នុងរង្វង់ប្រមាណ៧៧% នៅក្នុងខែមករាបើប្រៀបធៀបទៅនឹងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារធំបន្ទាប់មកទៀតគឺប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។ ប៉ុន្តែ វៀតណាម ជា ប្រទេស តែ មួយ គត់ ដែល ជួបប្រទះការ ធ្លាក់ ចុះ នៃការនាំចេញ ក្នុងរង្វង់២%កាលពីខែមករាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមលោក Le Xuan Chiew អ្នកវិភាគរបស់ក្រុមហ៊ុន Canalys បានលើកឡើងថា ស្ថេរភាពនៃសម្ពាធអតិផរណា ដែលជំរុញដោយការគាំទ្ររបស់រដ្ឋាភិបាល និងសន្ទុះពីការបើកព្រឹត្តិការណ៍លក់នៅចុងឆ្នាំ២០២៣ នៅក្នុងតំបន់អាស៊ាន បានធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់ និងការចំណាយស្ទុះងើបឡើងវិញ។

ទីផ្សារ ស្មាតហ្វូនរបស់តំបន់អាស៊ានបាន និង កំពុង ស្ទុះងើប ឡើង វិញ ពី ការ ធ្លាក់ ចុះ បន្ទាប់ ពី ការបិទបញ្ចប់ទៅនៃជំងឺរាតត្បាតកូវីដ-១៩ ខណៈការនាំចេញស្មាតហ្វូន នៅតំបន់អាស៊ានត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនខ្ពស់នៅឆ្នាំនេះ ដែលនឹងវ៉ាដាច់ទីផ្សារធំៗ ដូចជាប្រទេសចិន និងទ្វីបអាមេរិកខាងជើង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Canalysដដែល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here