តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈសន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ បន្ទាប់ពីមានការចេញផ្សាយទិន្នន័យអតិផរណាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦%ដល់២០៤៦,២៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦ភាគរយដូចគ្នា ដល់២០៥៤,៧ដុល្លារ ក្នុងមួយអោន។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិក(PCE) ដោយមិនរាប់បញ្ចូលថ្លៃអាហារ និងថាមពល បានកើនឡើងលើមូលដ្ឋានប្រចាំខែចំនួន០,៤% នៅក្នុងខែមករា ស្របតាមការរំពឹងទុករបស់សេដ្ឋវិទូ។

ទោះជាយ៉ាងនេះក្តី ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) និងតម្លៃអ្នកផលិត(PPI) របស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងទៅ បានធ្វើឱ្យការរំពឹងទុកចំពោះឱកាសនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក មានការធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសប្រមាណ៦៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃសុក្រនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,១១ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,១ភាគរយដល់២២,៦៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២ភាគរយដល់៨៨០ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,៤%ដល់៩៤១,២៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here