ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ សូ ស្រីម៉ិច អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ម៉ាក និងគំនូរឧស្សាហកម្ម៖ យុទ្ធសាស្ត្រសម្រាប់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមក្នុងទីផ្សារសកល”។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហគមន៍អឺរ៉ុបប្រចាំប្រទេសកម្ពុជា លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតំណាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើនរូប។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ចំនេះដឹងអំពីកិច្ចការពារម៉ាក និងគំនូរឧស្សាហកម្មដល់មន្ត្រីក្រសួង-ស្ថាប័ន សាធារណជន តំណាងសហគ្រាសធុនតូច និងមធ្យម និងវិស័យឯកជនឱ្យបានកាន់តែទូលំទូលាយ។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនអង្គសិក្ខាសាលាពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការពារវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។ ក្នុងបរិបទនេះ កម្មសិទ្ធិបញ្ញាបានក្លាយជាឧបករណ៍យុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់អាជីវកម្ម។
លោកជំទាវបញ្ជាក់ថា “កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាប្រព័ន្ធច្បាប់ សម្រាប់ការពារសិទ្ធិរបស់ម្ចាស់ស្នាដៃ ឬអ្នកបង្កើតថ្មីនោះទេ ប៉ុន្តែជាឧបករណ៍ សម្រាប់ជំរុញការច្នៃប្រឌិត នវានុវត្តន៍ ការវិនិយោគ ការប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ច”។
លោកជំទាវបន្តថា កិច្ចការពារកម្មសិទ្ធិបញ្ញា ឱ្យបានល្អពីស្ថាប័នមានសមត្ថកិច្ច និងការចូលរួមផ្ទាល់ពីម្ចាស់សិទ្ធិ អាចជួយឱ្យសង្គមកម្ពុជាកាន់តែមានគំនិតច្នៃប្រឌិតថ្មីៗ ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប និងជាពិសេសការលើកកម្ពស់ទំនុកចិត្ត ដល់អ្នកបង្កើតស្នាដៃ អ្នកវិនិយោគ និងសហគ្រិនឱ្យហ៊ានវិនិយោគ លើការស្រាវជ្រាវ ការអភិវឌ្ឍផលិតផល និងការច្នៃប្រឌិតថ្មីៗ៕








