ទេសាភិបាលធនាគារជាតិស្នើឲ្យអ្នកធុរកិច្ចអាមេរិកវិនិយោគ លើវិស័យជាច្រើននៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ ពីការប្រកបអាជីវកម្ម និងសក្តានុពលវិនិយោគរបស់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។

លោកជំទាវទេសាភិបាល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ក្នុងស្ថានភាពដែលកម្ពុជាមានសក្តានុពលជាច្រើន រួមមាន វិស័យកម្មន្តសាល ទេស ចរណ៍ កសិកម្ម និងហិរញវត្ថុ ជាដើម ជាមួយសុទិដ្ឋិនិយមខ្ពស់ចំពោះកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។

 ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានចូលរួមក្នុងជំនួបនោះ រួមមាន ដូចជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុន VISA, Mastercard, Ford និងក្រុមហ៊ុនអាមេរិកជាច្រើនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពអាជីវកម្ម បញ្ហាប្រឈម និងទស្សនវិស័យរបស់ ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ នាឱកាសនោះ លោកជំទាវទេសាភិបាល បានជម្រាបជូនពីទស្សនវិស័យវិជ្ជមាន នៃសេដ្ឋកិច្ចកម្ពុជា ការរីកចម្រើន និងបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងសក្តានុពលសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។

លោកជំទាវក៏បានជម្រាបជូន ពីគោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពសេដ្ឋកិច្ចផងដែរ។

កិច្ចពិភាក្សាបានលើកឡើង ពីការរីកចម្រើនប្រព័ន្ធធនាគារនិងទូទាត់ ដែលក្នុងនោះការទូទាត់តាមអេឡិចត្រូនិក បានកើនឡើងយ៉ាងឆាប់រហ័ស ហើយសូមថ្លែងអំណរគុណក្រុមហ៊ុនអាមេរិក ពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការធ្វើ ឌីជីថលូបនីយកម្មប្រព័ន្ធទូទាត់ និងក្នុងដំណើរការអភិវឌ្ឍវិស័យធនាគារ។

លោកជំទាវក៏បានជម្រាបជូនផងដែរថា ធនាគារជាតិនៃកម្ពុជា បានរួមចំណែក លើកកម្ពស់តម្លាភាពបរិយាប័ន្នហិរញ្ញវត្ថុ និងបានតភ្ជាប់ការទូទាត់នៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here