មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យអ្នកធុរកិច្ចចិនហុងកុង ម៉ាកាវចាប់យកកាលានុវត្តន៍ភាព និងវិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវខា ឡេងបានអំពាវនាវ និងរំពឹងយ៉ាងមុតមាំថា វិនិយោគិនជាតិ និងអន្តរជាតិទាំងឡាយ ជាពិសេសប្រទេសចិន ហុងកុង និងម៉ាកាវ នឹងបន្តចាប់យកកាលានុវត្តភាព លើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្ម និងការវិនិយោគថ្មីៗ ឲ្យបានកាន់តែសកម្ម នៅក្នុងប្រទេសកម្ពុជា។

លោកជំទាវបានថ្លែងក្នុងកម្មវិធីមួយ នៅទីក្រុងភ្នំពេញកាលពីចុងខែកុម្ភៈថា ដោ​យហេតុថាប្រទេសកម្ពុជា គឺជាទីតាំងពោរពេញដោយសក្តានុពលមួយ ក្នុងតំបន់អាស៊ាន ដែលមានទីផ្សារបើកចំហរ យ៉ាងធំទូលាយ ទទួលស្វាគមន៍រាល់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងជាពិសេសត្រៀមខ្លួនរួចស្រេច ក្នុងការចាប់យកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ក្នុងស្របតាមយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយកំណត់យកអាទិភាពគន្លឹះចំនួន ០៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញពីកត្តាសក្តានុពលចម្បងនៅកម្ពុជា ដែលសមស្របឥតខ្ចោះសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ រួមមាន ទី ក្នុងរយៈពេលជាង៤០ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អាចរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ដែលជួយឲ្យប្រជាពលរដ្ឋរស់នៅ ប្រកប​ដោយភាពសុខដុម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់សម្ដេចធិបតី បានបន្តប្តេជ្ញាថែរក្សាការពារកត្តាទាំងនេះ ជូនដល់ប្រជាជនក្នុងប្រទេស ដែលនឹងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនថ្មីៗបន្ថែមទៀត គួរជាទីមោទនៈ។

លោកជំទាវខា​ ឡេងបានបន្តថា ស្ថិតក្រោមដំបូលសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព នេះហើយ ទើបប្រទេសកម្ពុជាបានទទួ​ល​ការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បូរបែប រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ស្ពានអាកាស ព្រលាន យន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គិសនី ដែលផ្តល់ភាពងាយស្រួល សម្រាប់ផលិតកម្ម និងការដឹកជញ្ជូន និង ជាទីតាំងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មដ៏ល្អបំផុតសម្រាប់រោងចក្រផលិតកម្ម ផ្គត់ផ្គង់ទៅតំបន់ជុំវិញ ជាពិសេសទីផ្សារអន្តរជាតិបានយ៉ាងងាយស្រួល។

ទី២ ទីផ្សារទូលំទូលាយប្រកបដោយភាពអនុគ្រោះ និងការលើកទឹកចិត្តខ្ពស់ពីរាជរដ្ឋាភិបាល ពោលគឺប្រទេសកម្ពុជា មានសេដ្ឋកិច្ចបើកចំហ និងទីផ្សារសេរីធំទូលាយ ដែលមានសក្តានុពលខ្ពស់ ចំពោះការនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកតាមរយៈប្រព័ន្ធអនុគ្រោះទូទៅ (GSP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ជាមួយប្រទេសជាដៃគូ ហើយនឹងបន្តការចរចា កិច្ចព្រមព្រៀងសេរីជាមួយ បណ្តាប្រទេសនានា ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្ម និងពង្រីកទីផ្សារបន្ថែមទៀត។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានផ្ដល់ការលើកទឹកចិត្តខ្ពស់ជូនដល់វិនិយោគិន ដោយកម្ពុជាបានអនុម័តច្បាប់ស្ដីពីវិនិយោគ ក្នុងឆ្នាំ២០២១ ដែលបានផ្ដល់ការលើកទឹកចិត្តវិនិយោគទៅលើវិស័យ និងសកម្មភាពពាក់ព័ន្ធយ៉ាងច្រើន តាមរយៈយន្តការនៃការលើកទឹកចិត្តផ្នែកពន្ធជាមូលដ្ឋាន ក្នុងគោលបំណង ផ្តល់ទំនុកចិត្ត ភាពងាយស្រួល ការការពារ ការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ដំណោះស្រាយជូន ដល់វិនិយោគិនទាំងអស់ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

មិនតែប៉ុណ្ណោះ កម្ពុជាក៏មានកត្តាធនធាន កម្លាំងពលកម្ម និងធនធានមនុស្ស ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដោយយោងតាមស្ថិតិជំរឿនទូទៅ នៃប្រជាជនកម្ពុជាឆ្នាំ២០១៩ អត្រានៃប្រជាជនមានអាយុក្រោម៣៥ឆ្នាំ មានប្រមាណជាង៦០% នៃចំនួន ប្រជាជនសរុប ហើយអត្រាកម្លាំងពលកម្មវ័យក្មេង និងសកម្ម ដែលអាចបម្រើគ្រប់វិស័យដល់ពាណិជ្ជកម្ម និងការវិនិយោគរបស់វិនិយោគិន មានជាង ៨០%៕

LEAVE A REPLY

Please enter your comment!
Please enter your name here