ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មី ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Goldman Sachs Group បានបង្ហាញថា ម៉ាឡេស៊ីនឹងក្លាយទៅជាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២៥ នៅលើពិភពលោក ក្នុងឆ្នាំ២០៤០ខាងមុខ។
សេដ្ឋវិទូលើកឡើងថា សក្តានុពលសេដ្ឋកិច្ចម៉ាឡេស៊ី នឹងមិនត្រឹមតែជួយទាក់ទាញ អ្នកវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយដែលបង្ហាញថា គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលស្ថិតក្នុងទិសដៅត្រឹមត្រូវផងដែរ។
ទោះជាយ៉ាងណាក្តី សេដ្ឋវិទូបានចង្អុលបង្ហាញថា ការអនុវត្តទាន់ពេលវេលាគឺជាគន្លឹះ ដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ច ដែលបានគ្រោងទុក ដោយបន្ថែមថា គំនិតផ្តួចផ្តើម និងកំណែទម្រង់ត្រឹមត្រូវក៏មានភាពចាំបាច់ផងដែរ ដើម្បីធានាថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក Liew Chee Yoong សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ UCSI បានថ្លែងប្រាប់កាសែត StarBiz ថា “របាយការណ៍របស់ក្រុមហ៊ុន Goldman Sachs ឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយមអំពីសក្តានុពល កំណើនរយៈពេលវែងរបស់ប្រទេសម៉ាឡេស៊ី”។
លោកសាស្ត្រាចារ្យបន្តថា “ដើម្បីសម្រេចបាននូវសក្តានុពលនេះ និងទប់ទល់ការប្រកួតប្រជែង ពីបណ្តាប្រទេសជិតខាង ម៉ាឡេស៊ីត្រូវតែពង្រឹងគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ដោយផ្តោតលើការច្នៃប្រឌិត ការពង្រឹងកម្លាំងពលកម្មជំនាញ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ”។
លោក Liew ដែលជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលសម្រាប់ការអប់រំទីផ្សារ (CME) ផងដែរនោះ បានបញ្ជាក់បន្ថែមថា “គោលនយោបាយលើកកម្ពស់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសេដ្ឋកិច្ចឌីជីថលក៏នឹងមានសារៈសំខាន់ផងដែរ”៕