រដ្ឋាភិបាលជប៉ុន​ទាញទម្លាក់​ទស្សនវិស័យសេដ្ឋកិច្ច​របស់ខ្លួន ជាលើកដំបូង ក្នុងរយៈពេល៣ខែ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅក្នុងខែកុម្ភៈនេះ រដ្ឋាភិបាលជប៉ុនបានទាញទម្លាក់ទស្សនវិស័យលើសេដ្ឋកិច្ចរបស់ខ្លួន ជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេល៣ខែ ខណៈដែលការចំណាយរបស់ប្រជាជនជប៉ុន កំពុងធ្លាក់ចុះខ្លាំង។

រដ្ឋាភិបាលជប៉ុនក៏បានទម្លាក់ការវាយតម្លៃផងដែរ លើការចំណា យរបស់អ្នកប្រើប្រាស់ ជាលើកដំបូងក្នុងរយៈពេល២ឆ្នាំ  ដែលការ ណ៍នេះអាចជាបញ្ហាប្រឈមមួយ សម្រាប់ធនាគារកណ្តាលជប៉ុន ដែលគ្រោងលុបចោល គោលនយោបាយអត្រាការប្រាក់ អវិជ្ជមានរបស់ខ្លួននៅឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវាយតម្លៃនេះបានធ្វើឡើង បន្ទាប់ពីទិន្នន័យកាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រទេសជប៉ុនបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដោយមិននឹកស្មានដល់ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ដោយសារតម្រូវការក្នុងស្រុកថយចុះ។

លើសពីនេះទៅទៀត ប្រទេសជប៉ុនបានបាត់បង់តំណែងរបស់ខ្លួន ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោក ទៅឱ្យប្រទេសអាល្លឺម៉ង់ថែមទៀតផង។

រដ្ឋាភិបាលជប៉ុនបានគូសបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ថា “សេដ្ឋកិច្ចជប៉ុនកំពុងស្ទុះងើបឡើងវិញក្នុងកម្រិតមធ្យម”។

មូលហេតុ ដែលនាំឱ្យរដ្ឋាភិបាលជប៉ុនទាញ ទម្លាក់ការវាយតម្លៃ លើការចំណាយរបស់អ្នកប្រើប្រាស់ គឺដោយសារតែការថយចុះនៃការចំណាយលើសេវាកម្ម និងការថយចុះនៃការចំណាយ លើទំនិញដែលមិនអាចប្រើប្រាស់បានយូរ ដោយសារការដំឡើងតម្លៃទំនិញ។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ខ្លួនចាំបាច់ត្រូវយកចិត្តទុកដាក់ទាំងស្រុង ចំពោះផលប៉ះពាល់ពីការរញ្ជួយដី ដែលបានសម្លាប់មនុស្ស ប្រហែល២៤០នាក់នៅឧបទ្វីប Noto របស់ប្រទេសជប៉ុន កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងទៅ។

ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នក​វិភាគ​បាន​លើកឡើងថា ការ​រញ្ជួយ​ដី​នេះ នឹង​ជះផល​ប៉ះ​ពាល់​តិចតួច​ប៉ុណ្ណោះ ទៅលើ​សេដ្ឋកិច្ច​របស់ប្រទេសជប៉ុនក្នុង​រយៈ​ពេល​ខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here