ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈសា្ថនទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួន ៧៦៨,៦២៧ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ពិធីចុះកិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយលោក តានីណៃ អ៉ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ សម្រាប់អនុវត្តគម្រោងដូចជា ទី១ ការលើកកម្ពស់ការអប់រំបរិស្ថានសម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា (ថវិកាជំនួយ ១៦០,១៤០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen។
នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងធ្វើសកម្មភាព ដើម្បីផ្សព្វផ្សាយការអប់រំបរិស្ថាន ចាប់ពីវ័យកុមារភាព នៅសាលាមត្តេយ្យមួយចំនួនក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច។ គម្រោងនេះមានគោលបំណង លើកកម្ពស់ការរស់នៅជាមួយ ធម្មជាតិសម្រាប់កុមារ និងមាតាបិតារបស់ពួកគេ។
ទី២ លើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ៤១៤,៧៥៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការសន្តិស្ម័គ្រចិត្ត (SVA)។
នៅក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តនឹងកែលម្អបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារ ដែលគាំទ្រដល់កុមារតូចៗ ដើម្បីដោះស្រាយគម្លាតនៃការអប់រំរវាងទីក្រុង និងតំបន់ជនបទ។ លើសពីនេះ អង្គកាសរន្តិស្ម័គ្រចិត្ត មានគោលបំណងកែលម្អលទ្ធភាព ទទួលបាន និងគុណភាពនៃសកម្មភាព នៅក្នុងសាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា។
ទី៣ គម្រោងលើកកម្ពស់ប្រព័ន្ធ កិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់ (ថវិកាចំនួន ១៩៣,៧៣១ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។
នៅក្នុងគម្រោងនេះ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីបម្រើជាមជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់ការវះកាត់។
លើសពីនេះ មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាអ្នកជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាង ឱ្យបានត្រឹមត្រូវ៕