ឥណ្ឌូនេស៊ីបើកសម្ពោធកំពង់ផែធំជាងគេលំដាប់ទី២នៅក្នុងប្រទេស ដែលមានទុនវិនិយោគ៣៤៥លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារពត៌មាន Xinhua បានចុះផ្សាយថា ប្រទេសឥណ្ឌូនេស៊ី បានបើកសម្ពោធកំពង់ផែថ្មី ដែលមានទុនវិនិយោគចំនួន៥,៤ទ្រីលានរូពៀ (ប្រហែល៣៤៥លានដុល្លារអាមេរិក) នៅក្នុងខេត្ត South Sulawesi។

កំពង់ផែថ្មីនេះមានឈ្មោះថា Makassar ដែលជាកំពង់ផែធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកំពង់ផែ Tanjung Priok នៅក្នុងទីក្រុងហ្សាកាតា។

ប្រធានាធិបតីឥណ្ឌូនេស៊ីចាំផ្ទះ លោក Joko Widodo បានថ្លែងនៅខាងក្រៅពិធីសម្ពោធ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ដោយបង្ហាញក្តីសង្ឃឹមថា “កំពង់ផែដ៏ធំនៅភាគខាងកើត ប្រទេសឥណ្ឌូនេស៊ីមួយនេះ នឹងជួយសម្រួលដល់ការចំណាយ លើការដឹកជញ្ជូនក្នុងស្រុក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក Joko Widodo បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រសិទ្ធភាព នៅចំពោះមុខការប្រកួតប្រជែងក្នុងស្រុក និងអន្តរជាតិដ៏ខ្លាំងក្លា ។

ការចំណាយលើភស្តុភារ ក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២៤ភាគរយកាលពី១០ឆ្នាំមុន ដោយសារតែអវត្តមាននៃការធ្វើសមាហរណកម្មរវាងទីតាំងកំពង់ផែ រោងចក្រ និងតំបន់ឧស្សាហកម្ម។

ទោះបីជា នៅពេលនេះ ការចំណាយលើភស្តុភារក្នុងប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ចុះដល់១៤ភាគរយ យ៉ាងណាក្តី ក៏ប៉ុន្តែលោក Joko Widodo បានលើកឡើងថា យើងចាំបាច់ត្រូវខិតខំបន្ថែមទៀតដើម្បីកាត់បន្ថយភាគរយនេះ។

កំពង់ផែថ្មី Makassar មានជម្រៅទឹកចំនួន១៦ម៉ែត្រ និងមានសមត្ថភាពផ្ទុកចំនួន២,៥លាន TEUs ព្រមទាំងអាចផ្ទុកកប៉ាល់ធំៗ ដែលដឹកជញ្ជូនកុងតឺន័រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here