អ្នកវិនិយោគជប៉ុនចាប់អារម្មណ៍បណ្តាក់ទុនលើទីផ្សារលំនៅដ្ឋាន នៅក្នុងប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ថានភាពទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសថៃហាក់មិនទាន់វិលមករកភាពប្រក្រតីឡើងវិញ ប៉ុន្តែអ្នកវិភាគសង្កេតឃើញថាទីផ្សារលំនៅដ្ឋាន ដែលមានតម្លៃសមរម្យកំពុងបន្តទាក់ទាញចិត្តអ្នកវិនិយោគបរទេស ជាពិសេសគឺអ្នកវិនិយោគជប៉ុន។

តួយ៉ាង កាលពីពេលថ្មីៗនេះ អ្នកអភិវឌ្ឍអចលនទ្រព្យមកពីប្រទេសជប៉ុនទាំងថ្មី និងចាស់ បានបង្ហាញនូវទំនុកចិត្ត ក្នុងទីផ្សារលំនៅដ្ឋានរបស់ប្រទេសថៃ តាមរយៈគម្រោងសាងសង់មួយចំនួនដែលពួកគេបានបណ្តាក់ទុន វិនិយោគចន្លោះពី១០០ ទៅដល់៣០០លានបាត។

លោកស្រី Sumitra Wongpakdee ប្រធានក្រុមហ៊ុនអចលនទ្រព្យ Terra Media and Consulting បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនជប៉ុនយ៉ាងហោចណាស់ចំនួន២ បានធ្វើការស្នើសុំស្វែងរកដៃគូសហការ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍក្នុងស្រុក ដើម្បីរួមគ្នាសាងសង់គម្រោងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា ក្នុងចំណោមក្រុមហ៊ុនជប៉ុនទាំង២នោះ មានក្រុមហ៊ុន១ ជាក្រុមហ៊ុនទើបចូលមកថ្មី និងមួយទៀតជាក្រុមហ៊ុន ដែលធ្លាប់បានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសថៃជាយូរយារណាស់មកហើយ។

លោកស្រីគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនទាំង២នោះ មានមូលធន ដើម្បីចូលរួមបណ្តាក់ទុនវិនិយោគ ក្នុងចន្លោះពី១០០ ទៅដល់៣០០លានបាត ក្នុងមួយគម្រោងប្រសិនបើពួកគេ រកបានដៃគូសមរម្យណាមួយ។

លោកស្រីបន្ថែមថា គម្រោងវិនិយោគរបស់ជនជាតិជប៉ុនភាគច្រើន គឺធ្វើឡើងតាមរយៈការបែកចែកភាគលាភរវាងគ្នា ឬការកាន់កាប់ហ៊ុនរៀងខ្លួន និងជម្រើសផ្សេងមួយទៀត គឺការផ្តល់ប្រាក់កម្ចី ដើម្បីយកមកអភិវឌ្ឍគម្រោង ហើយជាធម្មតា កម្ចីទាំងនោះមានអត្រាការប្រាក់ទាបជាងធនាគារធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here