តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ បន្ទាប់ពីទិន្នន័យការងារបានបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពរឹងមាំ ខណៈអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីស្ទាបស្ទង់ពីគោលជំហរអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២០២៤,៧៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២ភាគរយមកនៅត្រឹម២០៣០,៧ដុល្លារ ក្នុងមួយអោន។

លោក Chris Gaffney ប្រធាន ទីផ្សារពិភពលោក នៅក្រុមហ៊ុន EverBank បាន លើកឡើងថា “តម្លៃហាងឆេងមាសប្រឈមនឹង ហានិភ័យ នៃការធ្លាក់ថ្លៃចុះ បន្ថែមទៀត ក្នុង រយៈពេល ខ្លី ប្រសិនបើ អតិផរណាមិនបន្តធ្លាក់ចុះ ហើយទិន្នន័យ សេដ្ឋកិច្ច របស់ សហរដ្ឋអាមេរិកនៅតែបង្ហាញសញ្ញាវិជ្ជមាន ជាបន្តទៀត ”។

ចំណែក លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងបន្តមើលឃើញនូវលទ្ធភាពដែល ធនាគារ Fed នឹងបន្ទាបអត្រាការប្រាក់នៅពាក់កណ្តាលឆ្នាំ២០២៤នេះ ដែលវានឹងក្លាយជាកត្តាជំរុញសម្រាប់ទីផ្សារមាស”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍ក្រោយ និងការថ្លែងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក នៅក្នុងសភានៅដើមខែមីនាខាងមុខ។

យោងតាមទិន្នន័យបានបង្ហាញថា ចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យស្នើសុំជំនួយពីរដ្ឋ នៅពេលពួកគេគ្មានការងារធ្វើ បានធ្លាក់ចុះដោយមិននឹកស្មានដល់ កាលពីសប្តាហ៍មុន ដែលទិន្នន័យនេះបង្ហាញថា កំណើនការងារនឹងនៅតែមានភាពរឹងមាំនៅក្នុងខែកុម្ភៈ។

បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៦ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅក្នុងសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,៣ភាគរយ មកនៅត្រឹម១០៣,៩១ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦ភាគរយ ដល់២២,៧៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,៨ភាគរយដល់៨៩៩,១១ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង២,១%ដល់៩៦៩,៧២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here