ក្រសួងនិងសភាពាណិជ្ជកម្មបើកសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់”

        ដោយៈ និស្ស័យ

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាបានបើកសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់” ថ្ងៃទី១៖ ច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប”។

សិក្ខាសាលានេះក៏ទទួលបានការចូលរួមពី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា រួមទាំង ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជា សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជាប្រមាណ៨០ រូបនៅសភាពាណិជ្ជកម្មកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងមតិស្វាគមន៍ដ៏អង្គសិក្ខាសាលា លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលាមួយនេះបង្កើតឡើង ដើម្បីផ្សព្វផ្សាយជូន សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាវិស័យឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ឲ្យបានជ្រាបកាន់តែស៊ីជម្រៅអំពី “ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធ” ថ្ងៃទី១៖ ច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលដែលបានបង្កើតច្បាប់ និងអនុក្រឹត្យដ៏មានសារៈសំខាន់មួយនេះឡើងផងដែរ។

ជាពិសេសមានការធ្វើបទបង្ហាញលម្អិត ពីច្បាប់ស្ដីពីការប្រកួតប្រជែង និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ពីតំណាងនាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋាន ក.ប.ប។

លោកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សូមស្នើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យត្រង់ត្រាស់ស្ដាប់ដោយយកចិត្តទុកដា​ក់ រួមទាំងចូលរួមសួរសំណួរឲ្យ បានផុសផុលដើម្បីបានជ្រាបយ៉ាងលម្អិតពីច្បាប់ និងអនុក្រឹត្យមួយនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here