រដ្ឋាភិបាលកូរ៉េមានមហិច្ឆិតាប្រែក្លាយទីក្រុងប៊ូសាន ទៅមជ្ឈមណ្ឌលដឹកជញ្ជូនពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Korea Times បានរាយការណ៍ថា អាកាសយានដ្ឋានថ្មី ខ្នាតធំមួយស្ថិតនៅលើកោះ Gadeok របស់ទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបើកដំណើរការនៅដំណាច់ឆ្នាំ២០២៩ខាងមុខ។

ការបើកដំណើរការអាកាសយានដ្ឋាននេះ ត្រូវបានគេព្យាករណ៍ថា នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជិត២៩ទ្រីលានវ៉ុន (ប្រហែល២២ពាន់លានដុល្លារ)។ នេះបើយោងតាមការបញ្ជាក់ ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង។

បន្ថែមពីលើផលចំណេញខាងផ្នែកសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន រួមជាមួយនឹងផែនការសាងសង់ ឃ្លាំងភស្តុភារខ្នាតធំថ្មីមួយនៅក្បែរនោះ ត្រូវបានគេរំពឹងថា នឹងបង្កើតឥទ្ធិពលតម្លៃបន្ថែមចំនួន១១,៨ទ្រីលានវ៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាកាសយានដ្ឋានថ្មីនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារថ្មីជាង១១៦.០០០កន្លែង ដោយក្នុងនោះការងារជាង៧៣.០០០កន្លែង នឹងត្រូវបានបង្កើតឡើង នៅក្នុងទីក្រុងកំពង់ផែប៊ូសានតែម្តង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានថ្លែងថា “ក្រៅពីការធ្វើទំនើបកម្មកំពង់ផែ និងផ្លូវដែកដែលមានស្រាប់នៅក្នុងទីក្រុង ការបើកដំណើរការអាកាសយានដ្ឋានថ្មី នៅឆ្នាំ២០២៩ គឺជាតម្រូវការចាំបាច់ផ្សេងទៀត ដើម្បីប្រែក្លាយទីក្រុងប៊ូសាន ទៅជាមជ្ឈ មណ្ឌលដឹកជញ្ជូនពិភពលោក”។

លោក Park Sang-woo រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន  បានលើកឡើងថា ប្រជាជនរស់នៅទីក្រុងប៊ូសាន ដែលមានបំណងហោះហើរ ផ្លូវឆ្ងាយទៅកាន់គោលដៅនានា នៅតំបន់អាមេរិកខាងជើង ឬអឺរ៉ុប ត្រូវចំណាយពេលវេលាធ្វើដំណើរលើសពី៤ម៉ោង តាមរយៈរថភ្លើងក្រោមដី ដើម្បីឆ្ពោះទៅដល់អាកាសយានដ្ឋានអន្តរជាតិ Incheon ។

លោកបានបន្ថែមថា “ប៉ុន្តែការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានថ្មី Gadeok  ដែលត្រូវចំណាយពេលវេលា ធ្វើដំណើរត្រឹមតែ១ម៉ោងពីសាលាក្រុងប៊ូសាន នឹងបង្កើនភាពងាយស្រួល ក្នុងការធ្វើដំណើរ សម្រាប់ប្រជាជនរស់នៅទីក្រុងប៊ូសាន ដែលមានបំណងធ្វើដំណើរទៅបរទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here