ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារកណ្តាលអាល្លឺម៉ង់ បានបង្ហាញការព្យាករណ៍កាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ថា ប្រទេសអាល្លឺម៉ង់ អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ ខណៈដែលបញ្ហាប្រឈមនៅតែបន្តកើតមាន។
ធនាគារបញ្ជាក់ថា កំណើនសេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចុះក្នុងអត្រា០,៣ភាគរយ នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ហើយកំណើននេះនឹងធ្លាក់ចុះម្តងទៀត នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ដែលចេញផ្សាយ ដោយធនាគារកណ្តាលអាល្លឺម៉ង់ បានបង្ហាញថា សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងបន្តធ្លាក់ចុះ ដោយសារតែការបញ្ជាទិញ និងការវិនិយោគធ្លាក់ចុះ ហើយលក្ខខណ្ឌអាកាសធាតុក៏មិនអំណោយផលដែរ។
ទោះបីជាសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែទីផ្សារការងារនៅប្រទេសអាល្លឺម៉ង់ នៅតែបន្តមានភាពរឹងមាំ។ តួយ៉ាង កាលពីត្រីមាសទី៤ ឆ្នាំ២០២៣ ចំនួនមនុស្សដែលមានការងារធ្វើ មានការកើនឡើងចំនួន២៨.០០០នាក់។
របាយការណ៍ដដែលបានបន្តថា “ដូច្នេះ មិនមានសញ្ញាណាមួយដែលបង្ហាញថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់យើង នឹងធ្វើឱ្យទីផ្សារការងារមានស្ថានភាព កាន់តែអាក្រក់ទៅៗនោះទេ”។
ចំណែក អតិផរណាបានធ្លាក់ចុះដល់៣,១ភាគរយ នៅក្នុងខែមករា ឆ្នាំ២០២៤ បើធៀបនឹង៣,៨ភាគរយនៅក្នុងខែធ្នូ ឆ្នាំមុន ហើយធនាគារកណ្តាលអាល្លឺម៉ង់រំពឹងថា អត្រានេះនឹងបន្តធ្លាក់ចុះ នៅក្នុង រយៈពេលប៉ុន្មានខែខាងមុខនេះ។
ការថយចុះនៃអត្រាអតិផរណា ទីផ្សារការងារដ៏រឹងមាំ និងកំនើនប្រាក់ឈ្នួលដ៏ខ្ពស់ បានជំរុញគាំទ្រដល់ការប្រើប្រាស់ឯកជន នៅក្នុងប្រទេសអាល្លឺម៉ង់។ ប៉ុន្តែ បើក្រឡេកមកមើលពីស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសអង់គ្លេសវិញ ក៏មិនសូវបង្ហាញសញ្ញាវិជ្ជមានប៉ុន្មានដែរ។
តួយ៉ាង សេដ្ឋកិច្ចអង់គ្លេសបានធ្លាក់ចុះ ចំនួន២ត្រីមាសជាប់ៗគ្នានៅចុងឆ្នាំ២០២៣ ដោយទាញឱ្យសេដ្ឋកិច្ចប្រទេសនេះ ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ។ នេះបើតាមទិន្នន័យការិយាល័យស្ថិតិជាតិ អង់គ្លេស(ONS)។
ការធ្លាក់ចូលវិបត្តិនេះ បណ្តាលមកពីប្រជាជនបានកាត់បន្ថយការចំណាយ ស្របពេលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ កំពុងកើនឡើង។
យោងតាមទិន្នន័យពីការិយាល័យONS ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈបង្ហាញថា សេដ្ឋកិច្ចអង់គ្លេសក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានធ្លាក់ចុះ ០,៣ភាគរយ បើធៀបទៅនឹងត្រីមាសទី៣។ នៅត្រីមាសទី៣ ឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ០,១ភាគរយ។
របាយការណ៍របស់ការិយាល័យ ONS បានបង្ហាញថា ការធ្លាក់ចុះនេះមានកម្រិតខ្លាំង ជាងការព្យាករណ៍ទៅទៀត និងជាអត្រាដ៏ខ្ពស់បំផុត គិតចាប់តាំងពីដើមឆ្នាំ ២០២១មក។ សរុបជារួម ក្នុងឆ្នាំ២០២៣ទាំងមូល សេដ្ឋកិច្ចរបស់អង់គ្លេស បានកើនឡើងត្រឹមតែ០,១ភាគរយប៉ុណ្ណោះបើធៀបនឹងឆ្នាំ ២០២២។
ទន្ទឹមនឹងនេះ សសរស្តម្ភសេដ្ឋកិច្ចសំខាន់ៗទាំង៣ របស់អង់គ្លេសបានធ្លាក់ចុះទាំងអស់ នៅត្រីមាសទី៤ ឆ្នាំ២០២៣ ដោយក្នុងនោះ វិស័យសេវាកម្ម បានធ្លាក់ចុះ០,២ភាគរយ វិស័យផលិតកម្មធ្លាក់ចុះ១ភាគរយ និងវិស័យសំណង់បានធ្លាក់ចុះ១,៣ភាគរយ៕