តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារការកើនឡើងនៃតម្រូវការមាស ដែលបណ្តាលមកពីភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ខណៈធនាគារកណ្តាលអាមេរិកបានបញ្ជាក់ថា ខ្លួននឹងមិនបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះឡើយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១ភាគរយដល់២០២៦,២១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣ភាគរយមកនៅត្រឹម២០៣៤,៣០ដុល្លារ ក្នុងមួយអោន។

លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “ធនាគារកណ្តាលអាមេរិកនឹងមិនកាត់បន្ថយអត្រាការប្រាក់ ឬដំឡើងអត្រាការប្រាក់នោះទេ ដូច្នេះខ្ញុំមើលឃើញលទ្ធភាពដែលតម្លៃមាសអាចហក់ឡើងថ្លៃ”។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងបន្តមើលឃើញនូវលទ្ធភាពដែល ធនាគារ Fed នឹងបន្ទាបអត្រាការប្រាក់នៅពាក់កណ្តាលឆ្នាំ២០២៤នេះ ដែលវានឹងក្លាយជាកត្តាជំរុញសម្រាប់ទីផ្សារមាស”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍ក្រោយ របាយការណ៍អត្រាអ្នកមានការងារធ្វើ និងការថ្លែងសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក នៅក្នុងសភានៅដើមខែមីនាខាងមុខ។

យោងតាមទិន្នន័យបានបង្ហាញថា នៅក្នុងខែមករា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១% ដែលខ្ពស់ជាងការរំពឹងទុក បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់ត្រឹមតែ២,៩%។

ចំណែក សន្ទស្សន៍តម្លៃអ្នកផលិត (Producer price) របស់សហរដ្ឋអាមេរិក បានកើនឡើង០,៣% កាលពីខែមករា ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែសីហា ឆ្នាំមុន និងខ្ពស់ជាងការព្យាករណ៍ ដែលស្ថិតក្នុងរង្វង់០,១%។

បន្ទាប់ពីចេញផ្សាយទិន្នន័យអតិផរណាទាំង២ ខាងលើនេះ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៨ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃព្រហស្បតិ៍នេះផងដែរ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះ០,០៦ភាគរយ មកនៅត្រឹម១០៣,៩២ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣ភាគរយ ដល់២២,៩២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ២ភាគរយដល់៨៨២,៧៦ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,៨%ដល់៩៤៧,៨៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here