ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណា ដាក់ចេញវិធានការបន្ថែមទៀត ដើម្បីទាក់ទាញអ្នកធ្វើដំណើរ ឱ្យចំណាយប្រាក់កាន់តែច្រើន និងស្នាក់នៅបានយូរ តាមរយៈការរៀបចំតន្ត្រី កីឡា និងព្រឹត្តិការណ៍វប្បធម៌។
លោក Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីបានលើកឡើងថា “យើងត្រូវការ Swiftonomics សម្រាប់វិស័យទេសចរណ៍របស់ឥណ្ឌូនេស៊ី”។
ពាក្យ “Swiftonomics” ត្រូវបានយកមកប្រើប្រាស់ ដើម្បីសំដៅទៅលើផែនការ ដែលប្រទេសសិង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រគុំតន្ត្រីរបស់ Taylor Swift ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរក្នុងតំបន់ឱ្យមកទស្សនា ទីក្រុងសិង្ហបុរីកាន់តែច្រើន។ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងលើកលែងទិដ្ឋាការដល់បណ្តាប្រទេសជាច្រើនផ្សេងទៀត និងអនុញ្ញាតឱ្យមានភាពងាយស្រួល ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ធំៗនានា នៅក្នុងប្រទេសរបស់ខ្លួន។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងអនុវត្តការប្រមូលពន្ធថ្មីពីភ្ញៀវទេសចរអន្តរជាតិ ដែលចូលទៅលេងកោះបាលី ដើម្បីរៃអង្គាសថវិកា ក្នុងគោលដៅឆ្ពោះទៅការពារ កោះត្រូពិចមួយនេះពីផលប៉ះពាល់នៃវិស័យទេសចរណ៍។
លោក Uno បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ដោយសម្តែងសុទិដ្ឋិនិយមថា “ខណៈដែលយើងធ្វើការផ្លាស់ប្តូរមួយចំនួន នៅក្នុងវិស័យទេសចរណ៍ យើងនឹងអាចសម្រេចបាននូវលទ្ធផលកាន់តែល្អប្រសើរក្នុងឆ្នាំខាងមុខ”។
ទន្ទឹមនឹងនេះ ការបោះឆ្នោតដោយសន្តិវិធី កាលពីសប្តាហ៍មុនក្នុងប្រទេសឥណ្ឌូនេស៊ី អាចនឹងត្រួសត្រាយផ្លូវ សម្រាប់ភ្ញៀវទេសចរឱ្យចូលទៅទស្សនា ប្រទេសឥណ្ឌូនេស៊ីកាន់តែច្រើន ដែលជាប្រទេសប្រជុំកោះដ៏ធំបំផុតរបស់ពិភពលោក។
ប្រទេសនេះកំពុងរង់ចាំលទ្ធផលផ្លូវការ ពីការបោះឆ្នោត បន្ទាប់ពីការរាប់សន្លឹកឆ្នោតក្រៅផ្លូវការបានចង្អុលថា លោក Prabowo Subianto នឹងក្លាយជាប្រធានាធិបតីជាប់ឆ្នោតថ្មី។ លោក Uno បានបន្ថែមថា “ខ្ញុំមានសុទិដ្ឋិនិយមថា បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស គ្រប់គ្នានឹងគាំទ្រលទ្ធផលនេះ”៕