ក្រុមហ៊ុនចិនធំមួយស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំមួយបានមកសិក្សាពីកាលានុវត្តន៍ភាព និងឱកាសវិ​និយោគនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកZhuo Haichao ប្រធានក្រុមហ៊ុន Shanghai Green Bamboo Garden Engineering Construction Co., Ltd.  ប្រទេសចិន ក្នុងជំនួ​បជាមួយសុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ កុម្ភៈកន្លងមកនេះ។

ជំនួបនេះបានធ្វើឡើង ក្រោមកិច្ចសម្របសម្រួលពី លោកឧកញ៉ា លី ឃុន ប្រធានសមាគម  កម្ពុជា-ចិន ទាក់ទាញអ្នកវិនិយោគដើម្បីពិនិត្យពិភាក្សា និងស្វែងយល់ពីឱកាសវិនិយោគ លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងៗទៀតនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ ប្រសិទ្ធិ បានជម្រាបអំពីប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

លោក Zhuo Haichao ប្រធានក្រុមហ៊ុន Shanghai  បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានអនុញ្ញាតអោយតំណាងក្រុមហ៊ុន ដើម្បីចូលជួបពិភាក្សាការងារ ក្នុងគោលបំណងក្នុងការសិក្សាស្វែងយល់ និងឱកាសវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនមានជំនាញវិស័យបច្ចេកវិទ្យាព័ត៌មាន កសិឧស្សាហកម្ម ថាមព​ល និងបច្ចេកវិទ្យាផ្កាយរណបជាដើម។

លោកបន្តថា “ក្រុមហ៊ុនមានគម្រោងជាច្រើន ដែលអាចវិនិយោគនៅកម្ពុជា ករណីដែលគម្រោងទាំងនោះដំណើរការ នឹងចូលរួមផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរ ដែលរួមមានដូចជាគម្រោងបច្ចេកវិទ្យាព័ត៌មាន ផ្កាយរណប ថាមពលស្អាត បច្ចេកទេសកសិកម្មដាំស្មៅជាអាទិ៍”។

លោកប្រធានក្រុមហ៊ុន ក៏បានគួសបញ្ជាក់អំពីការជម្រុញអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន មកសិក្សាបន្ថែមអំពីសក្កានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកសុខ ប្រសិទ្ធិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាផ្សេងទៀត ព្រមទាំងមានចំណាប់អារម្មណ៍ និងស្វាគ​មន៍ចំពោះការវិនិយោគនៅកម្ពុជា។

លោកបន្តថា ក្រសួងព័ត៌មាន សូមគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន និងស្នើសុំក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្របទៅតាមនីតិវិធី និងច្បាប់ជាធរមាន ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here