រដ្ឋមន្រ្តីក្រសួងកសិកម្មជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋសភាលើ កិច្ចព្រមព្រៀងម៉ារ៉ាកេស

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីអន្តរគណៈកម្មការរដ្ឋសភា និងក្រសួងកសិកម្ម ជួបប្រជុំពិភាក្សា ទាក់ទងនឹងការអនុម័តយល់ព្រម លើពិធីសារស​ម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផល។

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយលោកសួស យ៉ារ៉ា  ប្រធានគណៈកម្មការ សហការជាមួយលោកបណ្ឌិត ម៉ា ឈឿន ប្រធានស្តីទីគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងលោកប៉ាន សូរស័ក្កិ លេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា និងទីប្រឹក្សាច្បាប់អមរដ្ឋសភា បានជួបប្រជុំជាមួយលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

លោករដ្ឋមន្ត្រី ឌិត ទីណា បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញនៃរដ្ឋសភាថា សេចក្តីព្រាងច្បាប់នេះ មាន៣មាត្រា នឹងត្រូវសិក្សាបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផល ដែលគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល មានគោលបំណង ដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធាន ជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ នៃអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) តាមរយៈការហាមឃាត់ ឬបញ្ឈប់នូវការឧបត្ថម្ភធន មានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចម្បងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រនៃសកលលោក។

ការដាក់ចេញនូវវិធាន នៃការឧបត្ថម្ភធនជលផល មានសារៈសំខាន់និងមានឥទ្ធិពលជាវិជ្ជមានចំពោះ និរន្តរភាពនៃផលស្តុកជលផលសមុទ្រនិងការនេសាទសមុទ្រ។

លោកឌិត ទីណាក៏បានជម្រាបជូនពីអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបាន ពីកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផលនេះ និងបានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល អាចចូលជាធរមានបាន តម្រូវឱ្យសមាជិក២ភាគ៣នៃ សមាជិកសរុប១៦៤យល់ព្រមជាផ្លូវការ និងត្រូវតម្កល់លិខិតុបករណ៍ នៃការផ្តល់សច្ចាប័ននៅអង្គការពាណិជ្ជកម្មពិភពលោក ដោយអនុលោមតាមបទប្បញ្ញត្តិនៃកថាខណ្ឌទី៣ មាត្រាX នៃកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក។

ដូចនេះ ក្រោយពេលកិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័ត អង្គការពាណិជ្ជកម្មពិភពលោក បានជំរុញឱ្យសមាជិកទាំងអស់រួមទាំងកម្ពុជា ដំណើរការនីតិវិធី ក្នុងការផ្តល់សច្ចាប័នឱ្យបានឆាប់ និងយកលិខិតុបករណ៍នៃការផ្តល់សច្ចាប័ន ទៅតម្កល់នៅអង្គការពាណិជ្ជកម្មពិភពលោក។

លោកសួស យ៉ារ៉ា ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភ ធនជលផល។

លោកសួស យ៉ារ៉ា បានមានប្រសាសន៍បញ្ជាក់ថា ដោយពិនិត្យឃើញពីសារ:សំខាន់ នៃសេចក្តីព្រាងច្បាប់ខាងលើនេះ គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាព និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here