តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីអង្គការបណ្តាប្រទេសនាំចេញប្រេង ឬហៅកាត់ថា OPEC + បានសម្រេចចិត្ត ក្នុងការរក្សាគោលនយោបាយកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនឱ្យនៅដដែល។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥០សេន ឬ០,៦ភាគរយដល់៧៩,២០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0155 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៤០សេន ឬ០,៤ភាគរយដល់៧៤,២២ដុល្លារក្នុងមួយបារ៉ែល។

នាយកដ្ឋានការងារបានរាយការណ៍ថា ចំនួនពលរដ្ឋអាមេរិក ដែលបានមកដាក់ពាក្យសុំជំនួយពីរដ្ឋ នៅពេលគ្មានការងារធ្វើ បានកើនឡើងដល់២២៤.០០០នាក់កាលពីសប្តាហ៍មុន។ រីឯ របាយការណ៍ដាច់ដោយឡែកមួយទៀត បានបង្ហាញថា ផលិតភាពការងាររបស់កម្មករអាមេរិកបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤។

កំណើនសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីប្រធានធនាគារកណ្តាល កំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំ២០២៤នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៣៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាសជាង៧០ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះយ៉ាងគំហុក មកនៅត្រឹម១០៣,០២ពិន្ទុនៅថ្ងៃសុក្រនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរ នៅថ្ងៃសុក្រនេះ ដែលត្រូវបានជំរុញ ដោយការហក់ឡើងថ្លៃនៃភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសហរដ្ឋអាមេរិក។

ជាក់ស្តែង លទ្ធផលប្រចាំត្រីមាសពីក្រុមហ៊ុន Meta Platforms និងក្រុមហ៊ុន Amazon.com បានធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍ ដោយភាគហ៊ុនរបស់ពួកគេបានហក់ឡើងថ្លៃ១៥ភាគរយ និង៧ភាគរយរៀងៗគ្នា ដោយបន្ថែមតម្លៃទីផ្សារភាគហ៊ុនរួមគ្នាចំនួន២៨០ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍។

សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ១,១ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៥ភាគរយនៅពេលបើក។

ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ bluechips របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,០៧ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ១,២៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here