អ្នក​អភិវឌ្ឍន៍ ​និង​អ្នក​ជំនាញ​នឹង​ផ្តល់​ការ​វិភាគ​រួម​គ្នា​លើ​ទីផ្សារអចលនទ្រព្យ ​ផ្សារភ្ជាប់​ជាមួយ​បណ្តាញ​សារព័ត៌មាន​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអ្នកជំនាញក្នុងវិស័យសារព័ត៌មានសេដ្ឋកិច្ច នឹងផ្តល់ការវិភាគរួមគ្នា លើនិន្នាការទីផ្សារអចលនទ្រព្យ និងការផ្សារភ្ជាប់រវាងអាជីវកម្ម ជាមួយបណ្តាញសារព័ត៌មាននៅថ្ងៃទី៤ កក្កដាខាងមុខនេះ។

កម្មវិធីចែករំលែក និងបណ្តុះបណ្តាលនេះ នឹងធ្វើឡើងរយៈពេល១ថ្ងៃពេញ នៅទីតាំងThe Factory Phnom Penh ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកយិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងជាសហស្ថាបនិកគេហទំព័រPropertyarea.asia បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៥ មិថុនានេះថា ដោយមើលឃើញស្ថានភាពនៃវិស័យអចលនទ្រព្យ កំពុងស្ថិតនៅក្នុងកំណើនយឺតៗ និងបញ្ហារបស់ម្ចាស់អាជីវកម្ម និងអ្នកសារព័ត៌មានចាំបាច់ត្រូវធ្វើការរូមគ្នា ទើបវគ្គបណ្តុះបណ្តាល និងចែករំលែកនេះត្រូវបានរៀបចំឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “វាគ្មិនលំដាប់ជាតិ អន្តរជាតិ នឹងចែករំលែកនូវចំណេះដឹង និងចក្ខុវិស័យដ៏មុតស្រួចក្នុងទីផ្សារ និងសម្លឹងមើលចក្ខុវិស័យនាពេលអនាគតជាមួយអ្នកចូលរួម”។

វគ្គបណ្តុះបណ្តាល និងការចែករំលែករួមគ្នានេះ មានវត្តមានពីលោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលជាអ្នកអភិវឌ្ឈន៍គំរោងUrban Village ជាមួយទំហំទុនរាប់រយលានដុល្លារ។ លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកគំរោងVictoria Park, Heritage Park នៅខេត្តកណ្តាល និងខេត្តសៀមរាប។ លោកចេង វុទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យINVA និងជាអគ្គនាយកសារព័ត៌មានSpeak News លោកយិន លាងគង់នឹងចែករំលែកចំណេះដឹងទាក់ទងនឹងការប្រមូលព័ត៌មាន ការវិភាគលើវិស័យអចលនទ្រព្យ មុនសម្រេចចិត្តវិនិយោគ និងការវិភាគទាក់ទងនឹងស្ថានភាព អចលនទ្រព្យបច្ចុប្បន្នផងដែរ។

លើសពីនេះ ក៏មានការចូលរួមពីលោកអ៊ិន មាន អ្នកជំនាញផ្នែកAI លោកកៃ គឹមសុង អតីតនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្ត៍ និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មានAmazadia ព្រមទាំងលោកអាន ច័ន្ទថ្លា និពន្ធនាយកសារព័ត៌មានអនឡាញCEN ដែលលោកទាំងពីរនឹងផ្តល់ការបណ្តុះបណ្តាល និងវិភាគលើសារព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា។

លោកយិន លាងគង់បានបញ្ជាកថា កម្មវិធីដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជាធាតុចូល មូលដ្ឋានចំណេះដឹង ការវិភាគស៊ីជម្រៅលើទិដ្ឋភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដែលវាជាឱកាសកម្រសំរាប់លោក អ្នកដែលចង់សិក្សាស្វែងយល់ និងវិភាគលើបញ្ហាអាជីវកម្ម ក្នុងបរិបទនៃសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់នេះផងដែរ។

សាធារណជនអាចចូលរួមកម្មវិធីនេះ សូមទំនាក់ទំនងទៅក្រុមការងាររៀបចំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ តាមលេខទូរស័ព្ទ និងការស្កេនតេឡេក្រាមនៅលើPoster ខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here