តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ក្រោយពីទីផ្សារបានមើលឃើញឱកាសចំនួន៨៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed)នឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួននៅខែមិថុនា ឆ្នាំ២០២៤ខាងមុខ។

ទីផ្សារក៏បានបញ្ជាក់ផងដែរអំពីប្រូបាប៊ីលីតេចំនួន៨០% ដែលធនាគារកណ្តាលអឺរ៉ុប(ECB) នឹងបញ្ចុះអត្រាការប្រាក់នៅខែមេសា ខណៈធនាគារកណ្តាលអង់គ្លេសត្រូវបានគេមើលឃើញថា នឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែសីហា ឆ្នាំ២០២៤។

ក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលសំខាន់ៗទាំងនេះ បានជំរុញឱ្យ សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុន ងើបឡើងថ្លៃ០,៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Nikkei របស់ជប៉ុនបានងើបឡើង១,៨ភាគរយ នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីងើបឡើងថ្លៃ៣,១ភាគរយកាលពីសប្តាហ៍មុន។ ចំណែកផ្សារហ៊ុនអាមេរិក S&P 500 futures និងផ្សារហ៊ុន Nasdaq futures បានស្ថិតក្នុងសភាពទ្រឹង។

ផលប័ត្ររតនាគារអាមេរិករយៈពេល២ឆ្នាំបានស្ថិតនៅត្រឹមកម្រិត៤,៨៦ភាគរយ បន្ទាប់ពីបានធ្លាក់ចុះអស់១៧ពិន្ទុមូលដ្ឋានកាលពីសប្តាហ៍មុន ខណៈផលប័ត្ររតនាគាររយៈពេល១០ឆ្នាំ បានស្ថិតនៅត្រឹមកម្រិត៤,៥៩ភាគរយ។

ប្រាក់អឺរ៉ូបានងើបឡើងថ្លៃ ដល់១,០៧២ ដុល្លារ ក្នុងមួយអឺរ៉ូ នៅថ្ងៃច័ន្ទនេះ ក្រោយពីបានងើបឡើង១ភាគរយ កាលពីថ្ងៃសុក្រដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ខែ។ ចំណែក ប្រាក់យ៉េនបានងើបឡើងថ្លៃដល់១៤៩,៤៦យ៉េន ក្នុងមួយដុល្លារ។

តម្លៃ ប្រេង បាន កើនឡើង នៅថ្ងៃច័ន្ទនេះ បន្ទាប់ ពី ធ្លាក់ ចុះ៦ភាគរយ កាល ពី សប្តាហ៍ មុន ស្របពេលដែលប្រទេសអារ៉ាប៊ីសាអូឌីត និង រុស្ស៊ី គ្រោងបន្ត កាត់ បន្ថយ ទិន្នផល ប្រេង បន្ថែម ទៀត។

តម្លៃប្រេងឆៅ Brent បានកើនឡើង៣២សេនដល់៨៥,២១ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង៤៦សេនដល់៨០,៩៧ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here