ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្ថាបនិកបុរីវិមានសំណាង និងជាអគ្គនាយកក្រុមហ៊ុនKhmer Real Estate លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញមហិច្ឆតា ប្រែក្លាយបុរីនេះកើនពី១០០លានដុល្លារ ដល់១០០០លានដុល្លារនៅឆ្នាំ២០៣៦ខាងមុខ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកបណ្ឌិតបានចុះហតកថលេខា លើ “កិច្ចព្រមព្រៀងធានាទិញមូលបត្រ” ជាមួយ ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក និង “កិច្ចព្រមព្រៀងភ្នាក់ងារលក់” ជាមួយក្រុមហ៊ុនមូលបត្រឈានមុខគេចំនួន៦។
ក្រុមហ៊ុនទាំងនោះរួមមានដូចជា
• Campu Securities Plc.
• ACLEDA Securities Plc.
• Canadia Securities Co., Ltd.
• SBI Royal Securities Plc.
• Cambodia Securities Plc.
• Golden Fortune Securities Plc.
លោកឧកញ៉ាបណ្ឌិតបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុ ពង្រីកប្រភពទុន និងបង្កើនសមត្ថភាពក្នុងការចូលរួមទីផ្សារមូលបត្រកម្ពុជា ស្របតាមចក្ខុវិស័យអភិវឌ្ឍអាជីវកម្ម ប្រកបដោយនិរន្តរភាព និងតម្លាភាព។
លោកឧកញ៉ាបន្តពន្យល់ថា “បច្ចុប្បន្នក្រុមហ៊ុនបុរីវិមានសំណាងមានទុន១០០លានដុល្លារ យើងនឹងបោះលក់មូលបត្រ១០ភាគរយ នៃទុន១០០លាន”។ លោកឧកញ៉ាបន្តថា “ផែនការសម្រេចបានតម្លៃក្រុមហ៊ុន១០០០លានដុល្លារនាឆ្នាំ២០៣៦ ជាគោលដៅ និងចក្ខុវិស័យរបស់ខ្ញុំ ហើយពេលវេលានឹងបង្ហាញ ពីតម្លៃក្រុមហ៊ុននេះ នៅទីផ្សារកម្ពុជានិងសកល”។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនមូលបត្រ ដៃគូសហការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្រនៅកម្ពុជា៕








