ទីផ្សារអចលនទ្រព្យវៀតណាម នឹងបន្តធ្លាក់ចុះរហូតដល់ ចុងឆ្នាំ២០២៤

ដោយៈ តែម សុខុម

ហាណូយ: ក្រុមអ្នកជំនាញ និងអ្នកនៅក្នុងឧស្សាហកម្មបានព្រមានថា បញ្ហាផ្លូវច្បាប់ដែលកំពុងញាំញី បណ្ដាក្រុមហ៊ុនអចលនទ្រព្យក្នុងប្រទេសវៀតណាម មិនទាន់មានការដោះស្រាយនៅឡើយទេ ហើយស្ថានភាពនេះអាចបន្តរហូតដល់ ត្រីមាសទី៣ ចុងឆ្នាំ២០២៤។

នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា។

នៅឯវេទិកាមួយ ដែលធ្វើឡើងនៅទីក្រុងហាណូយ ដើម្បីពិភា​ក្សាអំពី ការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់ទីផ្សារកាលពីថ្ងៃទី២២ ខែកញ្ញា លោក ង្វៀន វ៉ាន ឌិញ (Nguyen Van Dinh) ប្រធានសមាគមអ្នកអចលនវត្ថុវៀតណាម បានលើកឡើងថា សមាគមរបស់លោក បានធ្វើការស្ទង់មតិកាលពីពេលថ្មីៗនេះ ហើយជាលទ្ធផលបានរកឃើញថា អាជីវកម្មជាង៧០%និយាយថា យន្តការ និងគោលនយោបាយនានា ដើម្បីកាត់បន្ថយការលំបាក ក្នុងការទទូលបានហិរញ្ញប្បទានបង្ហាញថាគ្មានប្រសិទ្ធភាពឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឆ្នាំ២០២២-២០២៣ ចំនួនប្រតិបត្តិការទិញលក់អចលនទ្រព្យបានធ្លាក់ចុះ៩០% ដែលបង្ហាញពីតម្រូវការចុះខ្សោយខ្លាំង។

ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍលំនៅឋាន សង្គមកិច្ច និងលំនៅឋានរបស់កម្មករ ក្នុងខែមេសា រដ្ឋាភិបាលវៀតណាម បានដាក់ចេញកញ្ចប់ឥណទាន ចំនួន៥ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ឱ្យទាំងអ្នកទិញ និងក្រុមហ៊ុនអភិវឌ្ឍន៍ទទួលបានឥណទាន ក្នុងអត្រាការប្រាក់ចន្លោះពី១,៥%ទៅ២% ដែលទាបជាងអត្រាការប្រាក់ជាមធ្យមក្នុងទីផ្សារ។

ទោះជាយ៉ាងណា រយៈពេលជិត៥ខែបានកន្លងផុតទៅហើយ ប៉ុន្តែមិនមានមានការផ្ដល់ហិរញ្ញប្បទាន ពីកញ្ចប់ឥណទាននោះនៅឡើយទេ ដែលភាគច្រើនដោយសារ តែគ្មានការផ្គត់ផ្គង់លំនៅឋានសង្គមកិច្ច។

លោក ហ័ង ហៃ (Hoang Hai) ប្រធាននាយកដ្ឋានគ្រប់គ្រងទីផ្សារលំនៅឋាន និងអចលទ្រព្យនៃក្រសួងសំណង់ បានទទួលស្គាល់ថា គម្រោងលំនៅឋាន និងនគរូបនីយកម្មជាច្រើន បានជួបការលំបាក ឬ ត្រូវបានពន្យារពេល ឬជាប់គាំង ដោយសារតែបញ្ហាផ្លូវច្បាប់ទាក់​ទងនឹងដីធ្លី ជាពិសេសការវាយតម្លៃ និងការកែសម្រួលផែនការនគរូបនីយកម្ម។

តម្លៃផ្ទះ និងដីធ្លីបានធ្លាក់ចុះ ពីចំណុចកំពូលរបស់វានៅចុងឆ្នាំ២០២១ ប៉ុន្តែខ្ពស់ជាងក្នុងឆ្នាំ២០២០។នៅក្នុងឆ្នាំ២០២២ តម្លៃអាផាតម៉ិនបានកើនឡើង ចន្លោះពី៥%ទៅ៧%បើធៀបនឹងឆ្នាំ២០២០ ខណៈតម្លៃផ្ទះបានកើនឡើងចន្លោះពី១៥%ទៅ២០% ហើយតម្លៃដីធ្លីបានកើនឡើង៣០%៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here