ដោយៈ ម៉ាល័យ
សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានចូលរួមសិក្ខាសាលាស្ដីពី ការផលិតមាតិកាផ្សព្វផ្សាយយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ នៅខេត្តសៀមរាប។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីចែករំលែកនូវបទពិសោធន៍ និងទស្សនទានល្អៗ ក្នុងការលើកកម្ពស់លើជំនាញផលិតមាតិកាផ្សព្វផ្សាយអំពីទេសចរណ៍ក្នុងរដូវកាលបៃតង ជូនដល់ក្រុមអ្នកផលិតមាតិកា។
លោកអភិបាលរងខេត្ត បានបង្ហាញការចាប់អារម្មណ៏ លើការផលិតមាតិកាផ្សព្វផ្សាយ ស្របនឹងសម័យកាលឌីជីថលបច្ចុប្បន្ន និងបានក្លាយជាឧបករណ៍ដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តជាតិ ក្នុងការសម្រេចចិត្តធ្វើដំណើរកម្សាន្ត។
លោកក៏បានថ្លែងអំណរគុណ ចំពោះក្រសួងទេសចរណ៍ ដែលបានរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅខេត្តសៀមរាប នាពេលកន្លងមកដើម្បីទាក់ទាញ បង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត។
ជាមួយគ្នានេះ លោកមហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា សិក្ខាសាលានេះជាយន្តការមួយ ជួយជំរុញការផ្សព្វផ្សាយឱ្យបានតែទូលំទូលាយ តាមរយៈការផ្ដល់ជាព័ត៌មាន និងភាពទាក់ទាញដល់ភ្ញៀវទេសចរ ឱ្យកាត់តែប្រសើរឡើង ខណៈកម្ពុជាមានតំបន់ទេសចរណ៍សំខាន់ៗរួមមាន៖ តំបន់ភ្នំពេញ តំបន់ឆ្នេរ តំបន់សៀមរាបអង្គរ តំបន់ភូមិភាគឦសាន និងតំបន់ផ្សេងៗជាច្រើន។
លោកបន្តថា យុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមការដឹកនាំផ្ទាល់ដោយ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវចក្ខុវិស័យសំខាន់ៗ រួមមាន ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែម ចរន្តទេសចរក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ។
លោកបានបន្តថា ក្រសួងទេសចរណ៍ ក៏បានដាក់ចេញផែនការសកម្មភាពគន្លឹះចំនួន៥ចំណុច និងផែនការសកម្មភាពតូចចំនួនសរុប៧០ ដែលមានតួអង្គជាច្រើនចូលរួមអនុវត្ត នឹងទទួលខុសត្រូវ ក្នុងនោះ រួមមាន ការបង្កើនការផ្សព្វផ្សាយយុទ្ធនាការទ ស្សនាកម្ពុជានៅរដូវកាលបៃតង ជំរុញយុទ្ធនាការសម្រួលតម្លៃសេវាកម្ម ទេសចរណ៍ក្នុងរដូវកាលបៃតង លើកទឹកចិត្តអាជីវកម្មទេសចរណ៍ បង្កើនផលិតភាព និងគុណភាព ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ទិវាជាតិ និងជំរុញដំណើរកម្សាន្តរបស់សិស្ស និស្សិត និងបុគ្គលិកឯកជន៕









