ដោយៈ គង់ សូរិយា
ភ្នំពេញៈ យោងតាមរបាយការណ៍បានបង្ហាញថា សន្និធិបំណុលសាធារណៈរបស់កម្ពុជា គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៣ មានសរុបជាង១០,៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង៤ភាគរយ បើធៀបត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងនោះជិត៩៩,៦ភាគរយ ជាបំណុលសាធារណៈក្រៅប្រទេស។ជាមួយនឹងឥណទានខាងលើ រាជរដ្ឋាភិបាលក៏បានទូទាត់សេវាបំណុលជាង២៤៧លានដុល្លារអាមេរិកផងដែរ។
យោងតាមឯកសារព្រឹត្តិបត្រ ស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bulletin) ដែលទើបចេញផ្សាយឱ្យដឹងថា ដោយគិតទាំងបំណុលមរតក គឺនៅត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុប ១០,៧២ ពាន់លានដុល្លារអាមេរិកក្នុងនោះ៩៩,៥៧ភាគរយ ត្រូវនឹងប្រមាណ១០,៦៧ ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ៦៤ភាគរយ និងក្របខ័ណ្ឌពហុភាគីប្រមាណ៣៦ ភាគរយ) និង០,៤៣ ភាគរយ ត្រូវនឹងប្រមាណ ៤២,៥១ លានដុល្លារអាមេរិក គឺជាបំណុលសាធារណៈក្នុងប្រទេស។
ឯកសារដដែលខាងលើ គឺសមាសភាគបំណុលសាធារណៈទាំងនេះរួមមាន ៤៦ភាគរយជាដុល្លារអាមេរិក។ ចំនួន២០ភាគរយជាអេសដេអ៊ែរ។ ទឹកប្រាក់១២ភាគរយជាយន់ចិន ទឹកប្រាក់១១ភាគរយជាយ៉េន-ជប៉ុន។ ទឹកប្រាក់៧ភាគរយជាអឺរ៉ូ និងទឹកប្រាក់៥ភាគរយទៀតជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
ឯកសារខាងលើឱ្យដឹងទៀតថា ក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន៣០៧,៦២លានដុល្លារអាមេរិក សមមូលនឹង២២៩,២៧លានអេសដេអ៊ែរ។
សរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី២ ឆ្នាំ២០២៣ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៧៨៧,៥ លានដុល្លារអាមេរិក សមមូលទៅនឹង៥៨៦,៩១លានអេសដេអ៊ែរ ស្មើនឹងប្រមាណ៣៥ភាគរយនៃពិតាន ដែលច្បាប់អនុញ្ញាត (១ ៧០០លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ៥១ ភាគរយ និងក្របខ័ណ្ឌពហុភាគី៤៩ភាគរយ។
បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបក្នុង២ ត្រីមាសដំបូងឆ្នាំ២០២៣ មានកំណើនប្រមាណ២៤ភាគរយ។
ឯកសារខាងលើបានបញ្ជាក់ថា “ជារួមឥណទានទាំងនេះ សុទ្ធសឹងជាឥណទាន មានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤៥ភាគរយ។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
ជាមួយការចុះកិច្ចព្រមព្រៀង ឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងត្រីមាសទី២ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏បានទូទាត់សេវាបំណុលសរុប៦៦,៦៨លានដុល្លារអាមេរិក។ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ រដ្ឋាភិបាលបានទូទាត់សេវាបំណុល សរុប២៤៧,៣៦លានដុល្លារអាមេរិក រួមមាន ក្នុងក្របខ័ណ្ឌ បំណុលសាធារណៈក្រៅប្រទេស ប្រមាណ២៤៧,០៨ លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម១៩០,៩៩ លានដុល្លារអាមេរិក និងការប្រាក់ និងកម្រៃផ្សេងៗ៥៦,០៩ លានដុល្លារអាមេរិក និងក្របខ័ណ្ឌបំណុលសាធារណៈ ក្នុងប្រទេសមានប្រមាណ០,២៩ លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម០ដុល្លារអាមេរិក និងការប្រាក់ ០,២៩លានដុល្លារអាមេរិក។
ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ គឺការទូទាត់សេវាបំណុលសរុបក្នុង២ ត្រីមាសដំបូងឆ្នាំ២០២៣ មានកំណើនប្រមាណ១៦ភាគរយ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង“ហានិភ័យកម្រិតទាប” ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ ពីការរីករាលដាលវិបត្តិកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងៗ។
លោកបញ្ជាក់ថា “ការរក្សាបានចីរភាពបំណុលសាធារណៈនេះ គឺវាអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍ ទី១ ក្របខ័ណ្ឌគតិយុត្ត ទី២ គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទី៣ សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងទី៤ ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។៕