ព័ត៌មានជាតិCAPFish-Capture ផ្ដល់ជំនួយគិតជាទឹកប្រាក់ពី២៥,០០០ទៅ១០ម៉ឺនដុល្លាដល់សហគ្រាសចំនួន២៨

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍​ជលផល​ ក្រោយ​ប្រមូលផល (CAPFish-Capture) បានគាំទ្រដល់សហគ្រាសចំនួន២៨ ជាជំនួយបច្ចេកទេស និងសម្ភារបរិក្ខារ ទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី២៥,០០០ដុល្លារ ដល់១០០,០០០ដុល្លារអាមេរិក ដើម្បីកែលម្អប្រតិ្តបត្តិការអាជីវកម្ម និងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ CQS ។

លោកពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយករដ្ឋបាលជលផលបានគូសបញ្ជាក់ ជាមួយអ្នកសារព័ត៌មានបែបនេះ នៅមុនដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល ដែលទទួលផលពីគម្រោង CAPFish នៅតាមរាជធានីខេត្តចំនួន៤ ដូចជា រាជធានីភ្នំពេញ កណ្ដាល កំពង់ធំ​ និងសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកពុំ សុថា បានឱ្យដឹងទៀតថា  មានសហគ្រាសចំនួន០៨ ទទួលបាននិមិត្តសញ្ញាគុណភាព ផលផលិតផល​ជលផលកម្ពុជា CQS ដែលក្នុងនោះនិមិត្តសញ្ញាគុណភាពផលិតផល​ជលផលកម្ពុជាពេញលេញចំនួន៤ និងនិមិត្តសញ្ញាគុណភាពផលិតផល​ជលផលកម្ពុជាធម្មតាចំនួន៤។

កញ្ញាអ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា ក្រសួងកសិកម្មបានបង្កើត​​វប្បធម៌ ​សុវត្ថិភាពម្ហូបអាហារ និងបានរៀបចំបង្កើត និងដាក់អោយប្រើប្រាស់ និមិត្តសញ្ញា​គុណភាពផលិតផល​ជលផលកម្ពុជា (CQS) សម្រាប់លើកទឹកចិត្ត ឱ្យវិស័យឯកជនអនុវត្ត ដើម្បីឆ្លើយតបតាមតំរូវការ​ទីផ្សារទាំង​ក្នុង​តំបន់និងអន្តរជាតិ។

ជាមួយគ្នានេះ និមិត្តសញ្ញាគុណភាពផលិតផល​ជលផលកម្ពុជា(CQS) ត្រូវបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលថ្មីៗនេះ ដើម្បីរួមចំណែកលើកកម្ពស់ ពាណិជ្ជកម្មផល ផលិតផលជលផល។ បន្ថែមពីនេះ ក្រសួងកសិកម្ម នឹងមិនបញ្ឈប់ត្រឹមនេះទេ ដោយនិមិត្តសញ្ញាគុណភាពផលិតផល​ជលផលកម្ពុជា(CQS) អាចនឹងត្រូវបានប្រើប្រាស់សម្រាប់ ផលិតផលកសិកម្មផ្សេងទៀត ផ្អែកលើបទពិសោធន៍ជោគជ័យ និងកិច្ចសហការជាមួយអង្គការ UNIDO៕

LEAVE A REPLY

Please enter your comment!
Please enter your name here