ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ទុះងើបឡើងវិញជាង១ភាគរយក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃចន្ទម្សិលមិញ ដោយសារការសម្រេចចិត្តរបស់អង្គការ OPEC + ក្នុងការបង្កើនទិន្នផលប្រេង ដែលបានជំរុញឱ្យមានក្តីបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការ។
តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង៩២សេនដល់៦១,១៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0309 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៨៩សេនដល់៥៨,០២ដុល្លារក្នុងមួយបារ៉ែល។
លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន IG បានលើកឡើងថា ការកើនឡើងនៃតម្លៃប្រេងនាពេលនេះ បណ្តាលមកពីកត្តាបច្ចេកទេស ដូចជា គន្លងក្រាហ្វិចនៃការជួញដូរតម្លៃប្រេង ជាជាងកត្តាមូលដ្ឋាន ដូចជាបម្រែបម្រួលនៃការផ្គត់ផ្គង់ តម្រូវការ ឬព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ៕