ចិន​ឈរលំដាប់លេខ១ សម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជា​ បានជាង៨ពាន់លានដុល្លារ

ដោយៈសុផល

ភ្នំពេញ៖ យោងតាមអគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ប្រទេសជាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា​​ នារយៈពេល៨ខែមកនេះ មានប្រទេសចិន​ ដែលសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជា​ បានជាង៨ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលរបស់កម្ពុជា ពីប្រទេសនេះ​មានដល់៧,១ពាន់ដុល្លារ។

បន្ទាប់មក គឺសហរដ្ឋអាម៉េរិក ដែលសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជា បានក្នុងរង្វង់៦,២ពាន់លានដុល្លារដោយការនាំចូលមា​ត្រឹម​១៦០លានដុល្លារប៉ុណ្ណោះខណៈការនាំចេញរបស់កម្ពុជាទៅកាន​ទីផ្សារ​ប្រទេសមហាអំណាចពិភពលោកមួយនេះ​មានដល់៦,១ពាន់​លានដុល្លារ។​

គយបញ្ជាក់ថា៖កម្ពុជាក្នុងរយៈពេល៨ខែមកនេះ សម្រេចទំហំពាណិជ្ជកម្ម ជាមួយ​ប្រទេស​ដៃគូ​អន្តរជាតិ​បានប្រមាណ៣២ពាន់លាន​ដុល្លារអាម៉េរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានជាង១៥,៦៩ពាន់លានដុល្លារកើន០,៣ភាគរយខណៈការនាំចូលធ្លាក់ចុះ២៥,២​​ភាគរយ​ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា៖វៀតណាម ជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មរួមគ្នា៤,៣ពាន់​ដុល្លារ​​​​​​​ ក្នុងរយៈពេល៨ខែមកនេះ។ ក្នុងនោះមាន ការនាំចេញរបស់កម្ពុជា​ទៅកាន់ប្រទេសជិតខាងកើតមួយនេះមានទំហំប្រមាណ​១,៨ពាន់លានដុល្លារ។ សម្រាប់កម្ពុជា-ថៃ សម្រេចទំហំពាណិជ្ជកម្មបានជាង​២,៥ពាន់លានដុល្លារ ដោយការនាំចេញរបស់កម្ពុជា​មាន​ជាង៦៤០មានដុល្លារ។​

ជាមួយគ្នានេះ កម្ពុជា-ជប៉ុន សម្រេចពាណិជ្ជកម្មរួមគ្នា​បាន១,២ពាន់លានដុល្លារ​​ ដោយការនាំចេញរបស់កម្ពុជា​មានជាង ៧៧០លានដុល្លារ។ រីឯ ពាណិជ្ជកម្មរវាងកម្ពុជា​-សិង្ហបុរី គឺសម្រេចបានក្នុងទំហំទឹកប្រាក់១,១ពាន់លានដុល្លារ ដោយការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេស​មួយនេះ​មានជិត ៤៧៧លានដុល្លារ។

​គួររម្លឹកថាកាល​ឆ្នាំ​២០២២ ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជាមាន​៥២,៤​ពាន់​លាន​ដុល្លារ កើន៩,២​ភាគរយ​ ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ជាង ៤៨​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ប្រមាណ២២,៤​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៤ ភាគរយ។ រីឯ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ​មានតម្លៃ ជិត៣០​ពាន់​លាន​ដុល្លារ កើនឡើង ៤,៣ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here