ការស្ទង់មតិៈក្រុមសេដ្ឋវិទូបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៣នេះមកត្រឹម៥ភាគរយ

ដោយ: គង់ លាងហួរ

ប៉េកាំង: សេដ្ឋកិច្ចចិននឹងកើនឡើង ទាបជាងការរំពឹងទុកពីមុន នៅឆ្នាំនេះ និងឆ្នាំ២០២៤ខាងមុខ ខណៈទីផ្សារអចលនទ្រព្យកំពុងជួបការលំបាក។ នេះបើយោងតាមការស្ទង់មតិមួយ ទៅលើក្រុមសេដ្ឋវិទូដោយកាសែត Reuters។

សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងជួបបញ្ហា  ដោយសារវិបត្តិបំណុលដ៏ធំ ដែលបណ្តាលមកពីការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធជាច្រើនទសវត្សរ៍កន្លងមក និងវិបត្តិអចលនទ្រព្យ ដែ​លបង្កជាហានិភ័យ មិនត្រឹមតែចំពោះប្រទេសចិន ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះផលអាក្រក់ ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ។

ក្រុមមន្ត្រីបង្កើតគោលនយោបាយចិន បាននិងកំពុងខិតខំប្រយុ​ទ្ធ ដើម្បីស្តារកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ខណៈទ្រព្យសម្បត្តិគ្រួសារប្រមាណ៧០% បានផ្សារភ្ជាប់ក្នុងទីផ្សារអចលនទ្រព្យ ដែលជួបវិបត្តិ គួបផ្សំនឹងកំណើននៃអត្រាភាពអត់ការងារធ្វើ របស់យុវវ័យ តម្រូវការប្រើប្រាស់ធ្លាក់ចុះ និងភាពស្ទាក់ស្ទើររបស់ក្រុមហ៊ុនឯកជនក្នុងការវិនិយោគបន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកញ្ញា ទៅលើអ្នកវិភាគចំនួន៧៦រូប ដែលមានមូលដ្ឋាននៅក្នុង និងក្រៅប្រទេ​សចិនបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងកើនឡើង៥% នៅឆ្នាំនេះ ដែលទាបជាងការព្យាករ៥,៥% នៅក្នុងការស្ទង់មតិកាលពីខែកក្កដា។

ខណៈសេដ្ឋវិទូស្ទើរតែទាំងអស់ បានបន្ទាបនូវទស្សនវិស័យកំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៤បន្ទាប់ ធៀបនឹងការស្ទង់មតិពីមុន គេកត់សម្គាល់ឃើញថា ទំហំនៃការកាត់បន្ថយទាំងនោះនៅតែមានកម្រិតតិចតួច ដែលបន្សល់ទុកឱកាស សម្រាប់ធ្វើការបន្ទាបការព្យាករណ៍កំណើនបន្ថែមទៀត។

ទោះជាយ៉ាងនេះក្តី អ្នកសេដ្ឋកិច្ចមួយចំនួនបានព្រមានថា គោលដៅកំណើនសេដ្ឋកិច្ច ដែលកំណត់ដោយរដ្ឋាភិបាលចិន ក្នុងរង្វង់៥% សម្រាប់ឆ្នាំនេះ អាចនឹងត្រូវខកខាន ឬមិនអាចសម្រេចបានឡើយ ខណៈវិធានការណ៍ ជំរុញគោលនយោបាយពីទីក្រុងប៉េកាំង នឹងមិនគ្រប់គ្រាន់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here