ដោយ: គង់ លាងហួរ
ប្រ៊ុចសែល: គណៈកម្មការអឺរ៉ុប បានព្យាករកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ នឹងកើនឡើងយឺតជាងការរំពឹងទុកពីមុន នៅឆ្នាំនេះ និងឆ្នាំ២០២៤ ខណៈអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត នៅប្លុកអឺរ៉ុបធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ។
គណៈកម្មការអឺរ៉ុបបានព្យាករថា GDP របស់តំបន់ចាយប្រាក់អឺរ៉ូ នឹងកើនឡើង០,៨% ក្នុងឆ្នាំ២០២៣នេះ និង១,៣% ក្នុងឆ្នាំ២០២៤ខាងមុខ បើធៀបនឹងការព្យាករ១,១% សម្រាប់ឆ្នាំ២០២៣ និង១,៦% សម្រាប់ឆ្នាំ២០២៤ ដែលបានធ្វើឡើង កាលពីខែឧសភាកន្លងទៅ។
ស្ថាប័នខាងលើបានបន្តថា “ភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក ជាពិសេសលើការប្រើប្រាស់បានបង្ហាញថា តម្លៃអ្នកប្រើប្រាស់ដ៏ខ្ពស់ និងដែលនៅតែបន្តកើនឡើងសម្រាប់ទំនិញ និងសេវាកម្មភាគច្រើន កំពុងជះផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ជាងការព្យាករណ៍ទុកពីមុន”។
គណៈកម្មការអឺរ៉ុបបានព្យាករថា អតិផរណារបស់អ្នកប្រើប្រាស់នៅតំបន់ចាយប្រាក់អឺរ៉ូ នឹងស្ថិតក្នុងរង្វង់៥,៦%ក្នុងឆ្នាំនេះ និង២,៩% ក្នុងឆ្នាំ២០២៤ ដែលអត្រាទាំង២នេះកើនលើស ពីគោលដៅអតិផរណា២%របស់ធនាគារកណ្តាលអឺរ៉ុប(ECB)។
ធនាគារកណ្តាលអឺរ៉ុប (ECB) បាននិងកំពុងដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ ដើម្បីទប់ស្កាត់អតិផរណា ដែលធ្វើឱ្យឥណទាន សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចមានតម្លៃថ្លៃជាងមុន។
លោក Valdis Dombrovskis ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ថា “អត្រាអតិផរណាខ្ពស់បានជះផលអាក្រក់ ទោះបីជាពេលនេះ វាកំពុងធ្លាក់ចុះយ៉ាងណាក្តី ហើយបន្ទាប់ពីឆ្លងកាត់រយៈពេលដ៏ត្រដាបត្រដួសនេះ កំណើនសេដ្ឋកិច្ចអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញតិចតួចប៉ុណ្ណោះ នៅឆ្នាំក្រោយ ដែលជំរុញដោយទីផ្សារការងារដ៏រឹងមាំ អត្រាអ្នកអត់ការងារធ្វើមានកម្រិតទាប និងការធ្លាក់ចុះនៃសំពាធតម្លៃទំនិញ”៕