ចំនួនប្រជាជននៅទីក្រុងហុងកុងកើនឡើង ខណៈអ្នកស្រុកដែលបានចាកចេញទៅរស់នៅក្រៅប្រទេសវិលចូលមកវិញ

ដោយ: គង់ លាងហួរ

ហុងកុង: យោងតាមតួលេខថ្មីបានបង្ហាញកាលពីថ្ងៃអង្គារម្សិលមិញថា ចំនួនប្រជាជននៅទីក្រុងហុងកុងបានកើនឡើង ដោយទីក្រុងបានលុបចោលវិធានការទប់ស្កាត់ជំងឺរាតត្បាត និងខណៈដែលសេដ្ឋកិច្ចបានស្ទុះងើបឡើងវិញ។

យោងតាមទិន្នន័យរបស់រដ្ឋបាលក្រុងហុងកុងចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា ប្រជាជនក្នុងទីក្រុងនេះបានកើនឡើងចំនួន១៥២.០០០នាក់ក្នុងរយៈពេល១២ខែដល់ខែមិថុនា បើធៀបនឹងឆ្នាំមុន ដោយសារតែទិន្នន័យដែលត្រូវបានកែសម្រួលសម្រាប់ឆមាសទីពីរនៃឆ្នាំមុន។

យោងតាមតួលេខដែលត្រូវបានប្រកាសកាលពីមុនបានបង្ហាញថា ចំនួនប្រជាជន នៅទីក្រុងហុងកុងបានធ្លាក់ចុះ១២.៩០០នាក់ នៅក្នុងឆមាសទី២ ឆ្នាំ២០២២ ប៉ុន្តែវាត្រូវបានកែសម្រួលវិញទៅជាការកើនឡើងចំនួន១២៦.៥០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យរដ្ឋបាលហុងកុងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍អមជាមួយទិន្នន័យថា “អ្នកស្រុកហុងកុងជាច្រើន ដែលបានទៅស្នាក់នៅក្រៅប្រទេស ក្នុងអំឡុងពេលផ្ទុះរីករាលដាលនៃជំងឺកូវីដ បានត្រឡប់ទៅទីក្រុងហុងកុងវិញ ខណៈប្រជាជនចិនដីគោក និងក្រៅប្រទេសមួយចំនួនក៏ត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ហុងកុងតាមរយៈគម្រោងផ្សេងៗផងដែរ”។

ចាប់តាំងពីឆ្នាំ២០២០ មនុស្សរាប់ម៉ឺននាក់បានចាកចេញពីហុងកុង ដោយសារការទប់ស្កាត់ជំងឺរាតត្បាតដ៏តឹងរ៉ឹង ហើយច្បាប់សន្តិសុខជាតិដែលដាក់ដោយទីក្រុងប៉េកាំងបានរឹតបន្តឹងសកម្មជន និងកែប្រែសង្គមស៊ីវិល។  ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាកចេញ​ទាំងនោះ​រួម​មាន​ដូចជាមេធាវី ធនាគារ និង​អ្នក​ជំនាញ​ផ្សេង​ៗទៀត​។

ការកើនឡើងវិញនៃចំនួនប្រជាជនអាចជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ហុងកុងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញបន្ទាប់ពីព្រំដែនបានបើកឡើង និងបញ្ចប់ភាពឯកោដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here