សម្តេច​តេ​ជោ បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជំងឺ​កូ​វីដ១៩អវិជ្ជមាន បន្ទាប់ពី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់ថា សម្តេច និង​ភរិយា ក្រុម​អង្គរក្ស អ្នកបើកបរ​សរុប១៨នាក់ លទ្ធផល​នៃ​ការធ្វើ​តេស្ត​បញ្ជាក់ថា អវិជ្ជមាន​ទាំងអស់ មិនមាន​អ្នកណា​ឆ្លង​ជម្ងឺ​កូ​វីដ១៩នោះទេ បន្ទាប់ពី​មាន​ទំនាក់ទំនង​ជាមួយ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី៣ វិច្ឆិកា២០២០ម្សិល​ល​ម៉ិ​ញ ហើយ​បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ១៩ ដែល​រកឃើញ​នៅ​ប្រទេស​ថៃ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់​សម្តេច​នា​មុននេះ​បន្តិច​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិល​ល​ម៉ិ​ញ​មាន​វិជ្ជមាន​កូ​វីដ១៩ ដែល​រកឃើញ​នៅ​ប្រទេស​ថៃ បន្ទាប់ពី​គាត់​ចាក​ចេញពី​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេច​បន្តថា “ថ្ងៃនេះ​ក្រុមគ្រូពេទ្យ​កម្ពុជា បាន​ប្រញាប់ប្រញាល់​ប្រមូល​អ្នកមាន​ទំនាក់ទំនង​ទាំងអស់ ដើម្បី​យក​សំណាក​ទៅ ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ សម្តេច​បន្តថា “ដោយឡែក​នៅផ្ទះ​ខ្ញុំ​មាន​រូបខ្ញុំ និង​ភរិយា ក្រុម​អង្គរក្ស អ្នកបើកបរ​សរុប១៨នាក់ លទ្ធផល​នៃ​ការធ្វើ​តេស្ត​បញ្ជាក់ថា អវិជ្ជមាន​ទាំងអស់ មិនមាន​អ្នកណា​ឆ្លង​ជម្ងឺ​កូ​វីដ១៩នោះទេ” ។

សម្តេច​បញ្ជាក់ថា “ទោះបី​ខ្ញុំ​មិនមាន​ឆ្លង​កូ​វីដ១៩ក្តី តែ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​គ្រូពេទ្យ​តម្រូវ​ឲ្យ​ខ្ញុំ រស់នៅ​ដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ សូម្បីតែ​ភរិយា កូន និង​ចៅ ក៏​មិនអាច​ជួប​បានដែរ” ។

ទួល​ព្រះ​បង្គំ​សូម​ព្រះរាជទាន​ទោស ពី​អង្គ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ ដែល​ទួល​ព្រះ​បង្គំ​មិនអាច​ដង្ហែរ​ព្រះអង្គ យាង​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដង្ហែរ​ព្រះអង្គ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩វិច្ឆិកា​បាន។

សម្តេច​បាន​បន្តថា សូម​អភ័យទោស​ពី​បងប្អូន​ជនរួមជាតិ នៅ​ខេត្តពោធិសាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដែល​ខ្ញុំ​មិនអាច​ចូលរួម​ចែក​ស្រូវពូជ និង​ជំនួយ​សង្គ្រោះបាន​ដែល ខ្ញុំ​នឹង​ចាត់​តំណាង​ទៅ​ចែក​ជំនួស។ សូម​លើក​ពេល​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ៣៨ខ្សែ​នៅ​ខេត្តសៀមរាប ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅ​ពេល​ក្រោយ​វិញ។

សូម​អា​ធ្យា​ស្រ័យ​ពី​សំណាក់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​ដៃគូ​ពាក់​ព​ន្ធ័​ទាំងអស់​ដែល ខ្ញុំ​មិនអាច​ចូលរួម​ប្រជុំបាន ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ចូលរួម​ពីថ្ងៃ១២ ដល់​ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ។

ទោះ​ត្រូវ​អាក់ខាន​ចេញពីផ្ទះ ដែលជា​ការតម្រូវ​រប​ស់​គ្រូពេទ្យ ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក១៤ថ្ងៃ តែ​ខ្ញុំ​នៅតែ​បំពេញការងារ ដោយ​ពិនិត្យ​សម្រេច និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​របស់​រាជ​រដ្ឋាភិបាល​បាន​ដដែល។ សមាជិក​រាជរដ្ឋាភិបាល អភិបាលខេត្ត និង​មេបញ្ជាការ​កងកម្លាំង ប្រដាប់អាវុធ​នៅតែ​អាច​រាយ​ការ​ណ៏​ឬ សុំ​យោបល់​ខ្ញុំ​បាន​ដដែល។

សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​បញ្ជាក់ថា “ខ្ញុំ​នៅតែ​អាច​ហាត់ប្រាណ​រាប់ទាំង​វាយកូនគោល នៅក្នុង​បរិវេណ​ផ្ទះ​បាន​ដដែល គ្រាន់តែ​មិន​ឲ្យ​មនុស្ស​ដទៃ មក​ជិត​ប៉ុណ្ណោះ។ នេះ​ជា​វិធី​ដែល​ល្អ​បំផុត ដើម្បី​សុវត្ថិភាព​និង​សុខភាព​ទាំងអស់គ្នា។ សម្តេច​បន្តថា “ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បារម្ភ​ពី​សុខភាព​ខ្ញុំ​និង​ជូនពរ​ដល់​ខ្ញុំ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here