ការអភិវឌ្ឍកំពង់ផែទឹកជ្រៅថៃ Map Ta Phut ដំណាក់កាលទី៣ គ្រោងបញ្ចប់នៅឆ្នាំ២០២៧ ដើម្បីត្រៀមបម្រើដល់ការវិនិយោគក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរឧស្សាហកម្មថៃ (IEAT) រំពឹងថា ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ Map Ta Phut ដំណាក់កាលទី៣របស់ខ្លួន នៅក្នុងខេត្ត Rayong នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២៧ ដោយត្រៀមខ្លួនជាស្រេចដើម្បីបម្រើដល់ការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។

លោក Veeris Ammarapala ទេសាភិបាលនៃអាជ្ញាធរ IEAT បាននិងកំពុងធ្វើបច្ចុប្បន្នភាពជូនលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លើការងារសាងសង់គម្រោងកំពង់ផែទឹកជ្រៅ Map Ta Phut ដំណាក់កាលទី៣ ដែលនៅពេលថ្មីៗនេះលោក ប្រាយុទ្ធ បានដឹកនាំគណៈប្រតិភូរបស់លោកទៅទស្សនាតំបន់នេះ។

យោងតាមលោក Veeris បានឱ្យដឹងថា អាជ្ញាធរបានបង់ប្រាក់ចំនួន៩៣,៤លានបាត(ប្រហែល២,៦៣លានដុល្លារ) ដល់៩៣៤គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍកំពង់ផែសមុទ្រទឹកជ្រៅនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ Map Ta Phut គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១.០០០រ៉ៃ ឬ១៦០ហិកតា ក្រោមថវិកាទុនវិនិយោគចំនួន៥៥ពាន់លានបាត(ប្រហែល១,៥៥ពាន់លានដុល្លារអាមេរិក)។

កំពង់ផែទឹកជ្រៅស្ថិតក្នុងចំណោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)  ដែលគ្របដណ្តប់ផ្នែកខ្លះនៃខេត្ត Chon Buri ខេត្ត Rayong និងខេត្ត Chachongsao ហើយតំបន់នេះនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។

គម្រោងធំៗផ្សេងទៀតរួមមាន ប្រព័ន្ធផ្លូវដែកល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋានចំនួន៣ គម្រោងទីក្រុងអាកាសចរណ៍ U-tapao និងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ Laem Chabang ដំណាក់កាលទី៣ នៅខេត្ត Chon Buri។

នៅពេលដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវបានបញ្ចប់រួចរាល់ អាជ្ញាធរ IEAT គ្រោងនឹងសហការបង្កើតផែថ្មីមួយ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការផ្ទុកទំនិញរាវ រួមទាំងឧស្ម័នធម្មជាតិរាវផងដែរ។ ការវិនិយោគនេះធ្វើឡើងតាមរយៈភាពជាដៃគូសាធារណៈ និងឯកជន (PPP) ជាមួយក្រុមហ៊ុន Thai Tank Terminal៕

LEAVE A REPLY

Please enter your comment!
Please enter your name here