ប្រទេសឥណ្ឌូនេស៊ីគ្រោងទិញអង្ករពីកម្កុជានិងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ដោយៈ ម៉ាលីនណា

      ភ្នំពេញៈ ប្រទេស​ឥណ្ឌូ​នេស៊ី​ បា​ន​បង្ហាញ​ពី​គោល​បំណង ​ក្នុង​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដើម្បី​ធានា​ដោះ​ស្រាយ​បញ្ហា​សន្តិ​សុខ​ស្បៀង ​នៅ​ក្នុង​ប្រទេស​រប​ស់ខ្លួន​ផង​ និង​ពង្រឹង​កិច្ច​ស​ហប្រតិប​ត្តិការ ​នៅក្នុង​វិស័យ​ពាណិជ្ជ​កម្ម ​រវាង​ប្រទេស​ទាំង២​ផង​ដែរ​។​

ព័ត៌មាននេះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ជា​មួយ​លោក​អនុ​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូ​នេស៊ី​លោក​Pahala Nu​graha Mansury និង​គណៈ​ប្រតិភូ នៅ​ទីស្ដី​ការ​ក្រសួង ​កាល​ពី​ថ្ងៃទី​១៥ ​ខែសី​ហា ឆ្នាំ​២០២៣​។​

កិច្ចពិ​ភាក្សា​ដែល​ធ្វើឡើ​ង​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ជំនួប​តាម​ទូរ​ស័ព្ទ​រវាង​លោក​នាយក​រដ្ឋ​មន្ដ្រីហ៊ុន សែន ជាមួយ​លោក​ប្រធានា​ធិបតី​ឥណ្ឌូ​នេ​ស៊ី ចូ​កូ វី​ដូ​ដូ ដែល​បាន​បញ្ជាក់​អំពី​បំណង ​ក្នុង​ការ​នាំ​អង្ករ​ពី​កម្ពុជាទៅ​កាន់​ឥណ្ឌូនេ​ស៊ី​​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​លោក​អនុរ​ដ្ឋមន្ដ្រី ​Pahala Nugraha Mansury​ បាន​សង្កត់​ធ្ងន់​ពី​ការ​យក​ចិត្តទុ​កដាក់ ​អំ​ពី​សន្តិសុ​ខ​ស្បៀង​នៅ​ក្នុង​ប្រទេស​ និង​បាន​ចាប់​អារម្មណ៍​អំពី​ភាព​ចាំបាច់ ​​ក្នុងការ​​ស្វែងរ​ក​ទីផ្សារ​អង្ករ​បន្ថែម​ពី​ប្រទេស​ផ្សេងៗ ដែល​ក្នុង​នោះ​ក៏មាន​កម្ពុជា​ផង​ដែរ ​ដើម្បី​ធានា​សន្តិ​សុខ​ស្បៀង​សម្រាប់​ប្រទេស​ឥណ្ឌូ​នេស៊ី​។

តាមរយៈ​ក្រសួង​កសិកម្ម​ លោក​Pahala Nugraha Mansury ​បាន​លើក​ឡើងថា​​ “វត្តមាន​អង្ក​រ​របស់​កម្ពុជា ​នៅ​លើ​ទីផ្សារ​ឥណ្ឌូ​នេស៊ី​នឹង​ក្លាយ​ជា​សក្ខី​ភាព​ថ្មី​មួយ​ទៀត​ ក្នុង​ការ​បញ្ជាក់​អំពី​កិច្ចសហ​ប្រតិ​បត្តិ​ការ​រ​វាង​ប្រទេស​ទាំង២​ នៅក្នុ​ង​វិស័យ​ពាណិជ្ជ​កម្ម ខណៈ​កម្ពុ​ជាមាន​អង្ករ​ដែល​មាន​គុណភា​ព​ល្អ និង​ជា​ពិសេស​មានកា​រ​ទទួល​ស្គាល់ និ​ង​នាំចូល​ដោយ​ប្រទេស​ ជា​សមា​ជិក​អាស៊ា​ន​ចំនួន​៨ ​ក្នុង​ចំណោម​សមា​ជិក​ទាំង​១០​ប្រទេស​”​។

ជាកា​រ​ឆ្លើយត​ប ​លោក ឌិ​ត ទីណា​ បាន​បញ្ជាក់​ពី​គោលជំ​ហរ​របស់​កម្ពុជា ​ក្នុង​ការជួយ​ដល់​មិត្ត​ ដែល​កំពុង​មាន​តម្រូវការ​ស្របតា​ម​ប្រសា​សន៍​​ណែនាំ​​ពី​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​។​

លោក​បាន​បន្ថែម​ថា ក្រសួងក​សិ​កម្ម​ក​ម្ពុជា ​នឹង​ជួយ​សម្រួល​ដល់​ការនាំចេ​ញ​អង្ករ​ ដើម្បី​ទ្រទ្រង់​ដល់​សន្តិ​សុខ​ស្បៀង​សម្រាប់​ប្រទេ​ស​ឥណ្ឌូនេ​ស៊ី​ជា​មិត្ត​។ ការងារ​នេះ​ក៏​នឹង​មាន​ការសហ​ការ​គាំទ្រ ​ពី​វិស័យ​ឯកជន​កម្ពុជា​ ដែល​មាន​សហព័ន្ធ​​ស្រូវ​អង្ករ​ជា​តួអង្គ​សំខាន់​។​

កាលពី​ថ្ងៃទី​១១ ​ខែសីហា ឆ្នាំ​២០២៣​កន្លងទៅ​ ក្នុង​ជំនួប​ពិភា​ក្សា​ការងារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ ​រវាងសម្តេចតេជោហ៊ុន​ ​សែ​ន នាយ​ករ​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា និង​ប្រធា​នា​ធិបតី​ឥណ្ឌូ​នេស៊ី​ លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បា​ន​ផ្ដោត​ការ​យ​កចិត្ត​ទុ​កដាក់​ ទៅ​លើ​បញ្ហា​សន្តិសុ​ខ​ស្បៀ​ង ដែល​ក្នុង​នោះ​លោក​ប្រធា​នា​ធិបតី​ឥណ្ឌូ​នេស៊ី​ បានបញ្ជា​ក់​ពី​បំណង​ក្នុង​ការនាំ​អង្ករ​ចេញពី​កម្ពុជា ហើយ​នៅ​ពេលដ*​ខ្លី​ខាងមុ​ខនេះ​ លោក​សូម​អនុញ្ញាត​ពីលោ​ក ហ៊ុន​ ​សែ​ន ដើម្បី​បញ្ជូន​ប្រតិភូ​មក​ពិភា​ក្សា​លើ​ករ​ណីនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here