ដោយ: គង់ លាងហួរ
អន្តរជាតិ: សេដ្ឋកិច្ចប្រទេសចិន កំពុងងើបឡើងវិញយឺតជាងការរំពឹងទុក ដែលបង្កើនក្តីបារម្ភអំពីផលប៉ះពាល់ ទៅលើវិស័យទេសចរណ៍ ដែលជំរុញឱ្យអាជ្ញាធរទេសចរណ៍ថៃ ពិនិត្យមើលឱ្យកាន់តែដិតដល់នូវនិន្នាការ និងតួលេខនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារទេសចរណ៍ចិន។
យោងតាមលោក Danucha Pichayanan អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានមានប្រសាសន៍ឱ្យដឹងថា ការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងរយៈពេល២ត្រីមាសចុងក្រោយ នៃឆ្នាំនេះបានកើនឡើង ប៉ុន្តែនៅតែទាបជាងការរំពឹងទុករបស់អ្នកវិភាគ។
សេដ្ឋកិច្ចចិនបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាល នៃការកែទម្រង់ ខណៈដែលទីក្រុងប៉េកាំង កំពុងខិតខំដោះស្រាយបញ្ហាផ្ទៃក្នុង ជាពិសេសក្នុងវិបត្តិនៃវិស័យអចលនទ្រព្យ។
ទន្ទឹមគ្នានេះ វិស័យផលិតកម្ម ទើបតែចាប់ផ្តើមងើបឡើងវិញពីផលប៉ះពាល់នៃវិធានការកូវីដ-១៩ ដែលនាំឱ្យរដ្ឋាភិបាលចិន មិនប្រញាប់ប្រញាល់ ឬកំណត់គោលដៅប្រកបដោយមហិច្ឆតា សម្រាប់ការពង្រីកយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចនោះទេ។
ចំពោះផលប៉ះពាល់លើប្រទេសថៃ ក្រៅពីវិស័យនាំចេញដែលនឹងរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ចំណែក ចំនួនភ្ញៀវទេសចរចិន ក៏មានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងមុនវិបត្តិជំងឺកូវីដ-១៩។
លោក Narit Pisalyabutr អ្នកសិក្សាជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) បានអះអាងថា បច្ចុប្បន្ន សេដ្ឋកិច្ចចិន កំពុងស្ថិតក្នុងដំណាក់កាល នៃការកែតម្រូវរចនាសម្ព័ន្ធ ដើម្បីដោះស្រាយភាពងាយរងគ្រោះខាងក្នុងរបស់ខ្លួន។
លោក Narit Pisalyabutr ស្នើឱ្យប្រទេសថៃស្វែងរកទីផ្សារនាំចេញថ្មី នៅតំបន់នានា ដូចជា តំបន់អាស៊ីកណ្តាល ការពន្លឿនទំនាក់ទំនងពាណិជ្ជកម្មជាមួយអារ៉ាប៊ីសាអូឌីត និងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា FTA ថៃ-សហភាពអឺរ៉ុប និងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូនេស៊ី -ប៉ាស៊ីហ្វិក (IPEF) ដែលគ្របដណ្តប់រហូតដល់៤០% នៃផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោក។
លើសពីនេះទៀត ប្រទេសថៃក៏គួរយកចិត្តទុកដាក់ផងដែរចំពោះការលើកទឹកចិត្ត ផ្នែកទេសចរណ៍ពីបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់ រួមទាំងម៉ាឡេស៊ីផងដែរ៕