តម្លៃផ្ទះនៅប្រទេសសិង្ហបុរីធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា

ដោយ: គង់ លាងហួរ

សិង្ហបុរី: តម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរី បានធ្លាក់ចុះ០,២ភាគរយ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមស្ថិតិអចលនទ្រព្យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍទីក្រុង  (URA) កាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា។

អត្រានៃការធ្លាក់ចុះនេះ មានកម្រិតទាបជាងការប៉ាន់ប្រមាណ ដែលបានចេញផ្សាយ កាលពីដើមខែកក្កដានេះបន្តិច ពោលគឺគេបានព្យាករថា តម្លៃផ្ទះឯកជននឹងធ្លាក់ចុះ ចំនួន០,៤ភាគរយ នៅត្រីមាសទី២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគប្រចាំនៅក្រុមហ៊ុន OrangeTee & Tie បានមានប្រសាសន៍ថា “នេះជាលើកទីមួយហើយ ដែលតម្លៃផ្ទះឯកជនបានធ្លាក់ចុះបើគិតចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ២០២០”។

ឥឡូវនេះ សន្ទស្សន៍តម្លៃ URA សម្រាប់អចលនទ្រព្យឯកជនគឺស្ថិតនៅត្រឹម១៩៤,៤ពិន្ទុ ដែលធ្លាក់ចុះពី១៩៤,៨ពិន្ទុ នៅក្នុងត្រីមាសទី១។

យោងតាមទិន្នន័យចុងក្រោយនេះបានបង្ហាញថា តម្លៃនៃអច​លនទ្រព្យបែបខុនដូ និងអាផាតម៉ិន(Non-landed properties)បានធ្លាក់ចុះ០,៦ភាគរយ នៅក្នុងត្រីមាសទីពីរ ដែលខុសផ្ទុយស្រឡះពីការកើនឡើង២,៦ភាគរយនៅក្នុងត្រីមាសមុន។

ចំណែកតម្លៃ​អចលនទ្រព្យ​ប្រភេទជាប់ដី (Landed properties) បាន​កើនឡើង ​ត្រឹមតែ១,១​ភាគរយ​ប៉ុណ្ណោះ នៅត្រីមាសទី២ បើធៀបទៅនឹងការកើនឡើង៥,៩​ភាគរយ​ នៅក្នុង​ត្រីមាស​ទី​មួយ​។

លោកស្រី Sun បានបន្ថែមថា “ការថយចុះនៃកំណើនតម្លៃផ្ទះអាចបណ្តាលមកពីវិធានការអចលនទ្រព្យ ដែលបានដាក់អនុវត្តនៅក្នុងខែកញ្ញា ឆ្នាំ២០២២ និងខែមេសា ឆ្នាំ២០២៣ ដែលវិធានការនោះបានដំឡើង នូវពន្ធប្រថាប់ត្រារបស់អ្នកទិញផ្ទះបន្ថែម (ABSD) និងផលប៉ះពាល់ទៅលើសមត្ថភាពខ្ចីប្រាក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here