កម្ពុជាសម្រេចបានទឹកប្រាក់រហូតដល់៣៣២លានដុល្លារពីការនាំចេញកង់ក្នុងឆមាសទី១

        ដោយៈ និស្ស័យ

        ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត​៣៣២ លាន​ដុល្លារ​ ពី​ការនាំចេញ​កង់​ទៅ​ទីផ្សារ​អន្តរជាតិ​ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​ជិត​១/៣​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើតាម​ក្រសួងពាណិ​ជ្ជកម្ម​។

​ទិន្នន័យ​នាំចេញ​ទំនិញ​ ទៅ​ក្រៅប្រទេសបាន​បង្ហាញថា ពី​ខែមករា​-​ខែមិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​កង់ ក្នុង​ទឹក​​ប្រាក់​សរុប ៣៣១,៩៥លាន​ដុល្លារ ធ្លាក់ចុះ៣០,៥២ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៤៧៧,៧៤​ លាន​ដុល្លារ​។​

បើតាម​ក្រសួងពាណិជ្ជកម្មបានឲ្យដឹងទៀតថា ​ក្រៅពី​នាំចេញ​កង់ កម្ពុជា​ក៏​នាំ​ចេញ​គ្រឿងបន្លាស់​កង់​ផងដែរ​ គឺ​ចំនួន៥៥២,៣៣២​ដុល្លារ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា ការធ្លាក់​​ចុះ​ទឹកប្រាក់​នាំចេញ​កង់ កាល​ពី​ឆមាស​ទី​១ គឺ​ដោយសារតែ​កំណើនសេដ្ឋកិច្ច​ពិភពលោក ជាពិសេស​ប្រទេស ​ដែល​បញ្ជា​ទិញ​កង់​ពី​កម្ពុជា​ជួប​បញ្ហា ដែល​ជំរុញ​ឱ្យ​ប្រទេស​នីមួយៗ​កាត់​បន្ថយ​ការចំណាយ​មិនចាំបាច់​។ក្រៅពីនេះ​ការនាំចេញ​កង់ ​ក៏​ជួបនឹង​ការប្រកួតប្រជែង​ពី​ផលិត​ផល​របស់​ប្រទេស​ផ្សេងៗ​ផងដែរ​។​​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​ប្រាប់ថា កង់​ផលិត​នៅ​កម្ពុជា​ គឺ​សុទ្ធ​តែមាន​គុណភាព និង​ម៉ាក​ល្បីៗ ដោយ​ភាគច្រើន​ ត្រូវបាន​នាំទៅ​ប្រទេស​មាន​សេដ្ឋកិច្ច ​រីក​​ចម្រើន​ដូចជា អាមេរិក​, កា​ណា​ដា​ អង់គ្លេស​ អឺរ៉ុប ជាដើម​។

លោកបន្តថា “ទោះបី​ការនាំចេញ​កង់​ នារ​យៈ​​ពេល​ចុង​ក្រោយនេះ​ធ្លាក់ចុះ​ ប៉ុន្តែ​វា​នឹង​កើន​ឡើងវិញ​នៅពេល​ខាងមុខ​”។​លោកបន្ថែមថា “​ការ​​យកចិត្ត​លើ​សុខភាព និង​បរិ​ស្ថាន​នឹងធ្វើ​ឱ្យ​តម្រូវការ​កង់​បន្ត​កើនឡើង​ខ្ពស់​ថែមទៀត​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here