ធនាគារអន្តរជាតិ Deutsche Bank បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០២៣ មកនៅត្រឹម៥,៣ភាគរយ

តែម សុខុម

សិង្ហបុរី: ធនាគារវិនិយោគពហុជាតិសាសន៍អាល្លឺម៉ង់ Deutsche Bank បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំនេះពី៦%មកត្រឹម៥,៣% ដោយលើកឡើងពីការធ្លាក់ចុះតម្រូវការប្រើប្រាស់ក្នុងស្រុក និងស្ថានភាពកាន់តែអាក្រក់ទៅនៅក្នុងវិស័យអចលនទ្រព្យចិន។

ទិន្នន័យកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើន៦,៣%ក្នុងត្រីមាសទី២ បើធៀបនឹង៤,៥%ក្នុងត្រីមាសទី១។ ទោះជាយ៉ាងណា កំណើននេះនៅទាបជាងការរំពឹងទុកក្នុងរង្វង់៧,៣% ខណៈតម្រូវការធ្លាក់ចុះទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។

ធនាគារ Deutsche Bank និយាយថា ពេលនេះខ្លួនរំពឹងថានឹងមានការបន្ធូរបន្ថយរូបិយវត្ថុបន្ថែមនៅក្នុងឆមាសទី២ ចុងឆ្នាំ២០២៣ ហើយក៏មើលឃើញពីភាពចាំបាច់សម្រាប់ការបន្ធូរបន្ថយសារពើពន្ធផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា ធនាគារអាមេរិក ធំៗចំនួន៣រួមមានធនាគារ J.P.Morgan ធនាគារ Morgan Stanley និងធនាគារ Citigroup សុទ្ធតែបានបន្ទាបការព្យាករកំណើនផលទុនជាតិសរុប (GDP) របស់ខ្លួនសម្រាប់ប្រទេសចិន។

ធនាគារ J.P.Morgan ធនាគារ Morgan Stanley និងធនាគារ Citigroup ពេលនេះសុទ្ធតែរំពឹងថា ប្រទេសចិន នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥%នៅឆ្នាំនេះ។ ទោះជាយ៉ាងណា ធនាគារអាមេរិក មួយទៀត Goldman Sachs បានរក្សាការព្យាកររបស់ខ្លួនក្នុងរង្វង់៥,៤%ដដែល៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here