អូស្ត្រាលី និងអាល្លឺម៉ង់ វ៉ាឈ្នះជប៉ុនក្លាយជាទីផ្សារការងារ ដ៏ទាក់ទាញថ្មីសម្រាប់ពលករវៀតណាម

ដោយៈ តែម សុខុម

ហាណូយ: យុវជនម្នាក់ឈ្មោះ ទូ (Tu) បានធ្វើការនៅប្រទេសជប៉ុនរយៈពេល២ឆ្នាំ ប៉ុន្តែបានត្រលប់មកវៀតណាម វិញហើយដោ​យសារការធ្លាក់ថ្លៃប្រាក់យ៉េន បានធ្វើឱ្យធ្លាក់ចុះប្រាក់ចំណូលរបស់គាត់។

ពេលនេះគាត់កំពុងសម្លឹងចាប់ឱកាស ទៅធ្វើការនៅប្រទេសអាល្លឺម៉ង់វិញម្ដង។ហេតុផលដ៏សាមញ្ញគឺប្រទេសអាល្លឺម៉ង់ ពេលនេះកំពុងខ្វះពលករ ហើយកំពុងចាត់វិធានការនានា ដើម្បីទាក់ទាញពលករបរទេសឱ្យបានកាន់តែច្រើន រួមទាំងគោលនយោបាយ បើកចំហបន្ថែមទៀត និងប្រាក់បៀវត្សរ៍ដ៏គួរឱ្យទាក់ទាញផងដែរ។

រដ្ឋមន្ត្រីការងារអាល្លឺម៉ង់ លោក Hubertus Heil បានប្រាប់សារព័ត៌មាន Financial Times នៅដើមឆ្នាំនេះថា ប្រទេសអាល្លឺម៉ង់ នឹងខ្វះពលករប្រមាណ៧លាននាក់ នៅឆ្នាំ២០៣០ ប្រសិនបើមិនចាត់វិធានការអ្វីសោះ។ដូច្នេះយុវជន Tu បានត្រៀមខ្លួនជាស្រេច ដើម្បីក្ដាប់យកឱកាសការងារក្នុងប្រទេសនេះ។គាត់និយាយថា “លើកនេះខ្ញុំចង់សាកល្បង ទៅធ្វើការនៅអឺរ៉ុប វិញម្ដង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បុរសវ័យ៣០ឆ្នាំរូបនេះ ជាពលករម្នាក់ក្នុងចំណោមពលករវៀតណាម យ៉ាងច្រើននាក់ ដែលបានចាកចេញពីប្រទេសជប៉ុន បន្ទាប់ពីឃើញថា ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ដោយសារតែកត្តាសំខាន់២រួមមានប្រាក់យ៉េនធ្លាក់ថ្លៃ ហើយអតិផរណាកើនឡើង។

ទីភ្នាក់ងារព័ត៌មានReuters បានចុះផ្សាយថា អតិផរណានៅក្នុងប្រទេសជប៉ុន កាលពីខែតុលា ឆ្នាំមុនបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំមកនេះ ហើយជាលទ្ធផលទំនិញសព្វសារ ពើរាប់ចាប់ពីប្រេងឥន្ធនៈ រហូតដល់ចំណីអាហារ សុទ្ធតែបានឡើងថ្លៃ ដែលធ្វើឱ្យមនុស្សជាច្រើន ខ្វះលទ្ធភាពទិញរបស់របរសំខាន់ៗ សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។

ប៉ុន្តែពលករដែលត្រលប់ពីប្រទេសជប៉ុន វិញក៏កម្រពេញចិត្តនឹងប្រាក់ចំណូលរបស់ពួកគេ នៅក្នុងប្រទេសវៀតណាមនោះដែរ។ ផ្ទុយទៅវិញ ពេលនេះពួកគេកំពុង សម្លឹងរកឱកាសទៅធ្វើការនៅអឺរ៉ុប ឬប្រទេសអូស្ត្រាលី ដែលទាំងរដ្ឋាភិបាលអឺរ៉ុប និងអូស្ត្រាលី កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទាក់ទាញពលករ ដែលពេលនេះកំពុងតែខ្វះ។

ជាក់ស្ដែងយុវជន Tu មិនអនុញ្ញាតឱ្យផែនការរបស់គាត់ពន្យារពេលនោះឡើយ ដោយគាត់បានចាប់ផ្ដើមរៀនភាសាអាល្លឺម៉ង់ ភ្លាមៗពេលគាត់ត្រលប់ពីប្រទេសជប៉ុន មកកាន់វៀតណាមវិញ។
លោក ឌុយ ណាំ (Duy Nam) អ្នកគ្រប់គ្រងនៅក្រុមហ៊ុនកែច្នៃសាច់មួយក្នុងទីក្រុង Broome ប្រទេសអូស្ត្រាលីបាននិយាយថា គាត់ទទួលបានអ៊ីមែល និងសាររាប់រយក្នុងមួយថ្ងៃ ដែលសាកសួរអំពីនីតិវិធី នៃការដាក់ពាក្យសុំទិដ្ឋាការអូស្ត្រាលី។

លោកបន្តថា ប្អូនប្រុសរបស់គាត់ កំពុងសម្លឹងរកឱកាសធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីធ្វើជាពលករចំណាកស្រុកផងដែរ។

អ្នកគ្រប់គ្រងរូបនេះយល់ថា ការកើនឡើងប្រជាប្រិយភាពរបស់ប្រទេសអូស្ត្រាលី ក្នុងចំណោមពលករវៀតណាម គឺដោយសារកង្វះអ្នកបម្រើការងារតាមផ្ទះ ដែលមួយផ្នែកបណ្តាល មកពីការបិទខ្ទប់ប្រទេសនេះកំឡុងវិបត្តិកូវីដ-១៩៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here