៦ខែដំបូងដើមឆ្នាំនេះកម្ពុជារកចំណូលបាន៣៣១លានដុល្លារ ពីការនាំចេញកង់ទៅកាន់បរទេស

ដោយ: គង់ លាងហួរ

ភ្នំពេញ: របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ប្រទេសកម្ពុជាបាននាំចេញកង់ ដែលមានតម្លៃសរុប៣៣១លានដុល្លារ ទៅកាន់ទីផ្សារបរទេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ធ្លាក់ចុះ៣០,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កង់ដែលMade-in-Cambodia ត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន និងចិន ក្នុងចំណោមផលិតផលនាំចេញផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “កង់បានក្លាយជាផលិតផល ដ៏សំខាន់មួយរបស់យើងសម្រាប់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ”។

បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រកង់ចំនួន៥ នៅក្នុងប្រទេស ដែលរោងចក្រទាំងអស់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រ​សា​សន៍ថា ថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោក មិនសូវល្អទេ ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសម្តេចបញ្ជាក់ថា ស្ថានភាពបែបនេះ បានធ្វើឱ្យពលរដ្ឋក្នុងប្រទេសទាំងនោះ រកចំណូលបានតិចជាងមុន ដូច្នេះការបញ្ជាទិញក៏ធ្លាក់ចុះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here