ធនាគារអេស៊ីលីដាទទួលកម្ចីពីធនាគារមួយរបស់ចិន១៣០លានដុល្លារដើម្បីផ្ដល់ឥណទានទៅSME នៅកម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាស ជា ផ្លូវ ការ ថា ធនាគារ CHINA DEVELOPMENT BANK (CDB) ជាស្ថាប័ន អភិវឌ្ឍន៍ហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោក បានចុះ កិច្ច ព្រមព្រៀងផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៣០.០០០.០០០ ដុល្លារអាមេរិក (មួយរយសាមសិបលានដុល្លារអាមេរិក)។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការធ្វើពិពិធកម្មនៃប្រភពទុន មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីគាំទ្រយុទ្ធសាស្រ្តរីកចម្រើនប្រកបដោយចីរភាព របស់ធនាគារ។
ធនាគារ ជាក្រុមហ៊ុនបោះផ្សាយមួយក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្រ ដើម្បីពង្រឹងដើមទុន ចំណែកឯប្រាក់បញ្ញើសន្សំ ដែលបានមកពីប្រាក់បញ្ញើទីផ្សារហិរញ្ញវត្ថុសម្រាប់តម្រូវការដើមទុនរយៈពេលខ្លី រីឯហិរញ្ញប្បទានទទួលបានពីស្ថាប័ន អន្តរជាតិ ដូចជា ធនាគារ CDB សម្រាប់គាំទ្រដល់ការរីកចម្រើនរយៈពេលវែងរបស់ធនាគារ។
ហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០.០០០.០០០ ដុល្លារអាមេរិក (មួយរយសាមសិបលានដុល្លារអាមេរិក) ពី ធនាគារ CDB នេះ ធនាគាររំពឹងថានឹងផ្តល់ឥណទានថ្មីដល់សហគ្រាសខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ ចំនួន ៥.០០០ សហគ្រាស បន្ថែមទៀត។
លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) មានប្រសាសន៍ថា នេះគឺជាលើកទី២ហើយដែលធនាគារទាំងពីរបានធ្វើកិច្ចសហការជាមួយគ្នា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារធំ ដែលគាំទ្រការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា។
លោក បានបន្តថា “CDB មានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាកាន់តែច្រើន ក្នុងការទប់ទល់នឹងស្ថានភាពនៃការរីករាលដាលនៃជំងឺជាសកល បង្កើតផលិតកម្មឡើងវិញ និងផ្តល់នូវផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាឡើងវិញ”។
លោក បាបន្ថែមថា “CDB មានឆន្ទៈក្នុងការសហប្រតិបត្តិការបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី លើកិច្ចការសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងការអភិវឌ្ឍន៍ដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា”។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥,០១ ទ្រីលានរៀល (ឬ ៦,១៥ ប៊ីលានដុល្លារអាមេរិក) សមតុល្យឥណទានសរុបចំនួន ១៦,២២ ទ្រីលានរៀល (ឬ ៣,៩៩ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧,៦៩ ទ្រីលានរៀល (ឬ ៤,៣៥ ប៊ីលានដុល្លារអាមេរិក)៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here