ប្រទេសចិនដាក់ចេញបទប្បញ្ញត្តិទូលំទូលាយសម្រាប់គ្រប់គ្រងមូល និធិវិនិយោគក្នុងទំហំទឹកប្រាក់២,៩ទ្រីលានដុល្លារ

ដោយៈ តែម សុខុម

ប៉េកាំងៈ មហាយក្សចិន កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា បានដាក់ចេញបទប្បញ្ញត្តិ សម្រាប់គ្រប់គ្រងវិស័យមូលនិធិវិនិយោគ ឯកជន ដែលមានទំហំរហូតដល់២,៩ទ្រីលានដុល្លារអាមេរិក របស់ប្រ​ទេ​សនេះ ដើម្បីការពារអ្នកវិនិយោគឱ្យបានល្អប្រសើរ និងដើម្បីលើកកម្ពស់នវានុវត្តន៍ថ្មី។

បទប្បញ្ញត្តិដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) និងដែលមានប្រសិទ្ធភាពអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែកញ្ញា តទៅនេះបង្កើតបាននូវជំពូកពិសេសមួយ សម្រាប់មូលនិធិបណ្តាក់ទុន ខណៈក្រុមអ្នកបង្កើតគោលនយោបាយ លើកទឹកចិត្តការវិនិយោគលើអាជីវកម្មបង្កើតថ្មី (Start-up) ផ្នែកបច្ចេកវិទ្យានវានុវត្តន៍ថ្មី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់និយ័តករមូលបត្រចិន និងក្រសួងយុត្តិធម៌ចិន។

បទប្បញ្ញត្តិដ៏ទូលំទូលាយនេះ អនុវត្តន៍ចំពោះមូលនិធិវិនិយោគឯកជន ដែលមានទម្រង់ផ្សេងៗគ្នា ដូចជាកិច្ចសន្យា ក្រុមហ៊ុន និងភាពជាដៃគូជាដើម។ មូលនិធិវិនិយោគឯកជន នៅក្នុងប្រទេសចិន អាចវិនិយោគ លើភាគហ៊ុនឯកជន ឬមូលបត្រដែលបានជួញដូរជាសាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិធានស្នូលគ្របដណ្តប់លើកាតព្វកិច្ច របស់អ្នកគ្រប់គ្រងមូលនិធិ និងអ្នកថែរក្សាមូលនិធិ ការរៃអង្គាសមូលនិធិ ការកំណត់កម្រិតហានិភ័យ ការត្រួតពិនិត្យមូលនិធិបណ្តាក់ទុន និងការត្រួតពិនិត្យ ព្រមទាំងការគ្រប់គ្រងរួមផងដែរ។

ក្រុមប្រឹក្សារដ្ឋបានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយថា បទប្បញ្ញត្តិនេះមាន៦២ចំណុចនៅក្នុង៧ជំពូក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ។

សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា គិតត្រឹមខែឧសភា អ្នកគ្រប់គ្រងការវិនិយោគឯកជន ចំនួន២២.០០០រូបបានចុះឈ្មោះជាមួយសមាគមគ្រប់គ្រងទ្រព្យសកម្ម នៃប្រទេសចិន (Asset Management Association of China) ដោយគ្រប់គ្រងប្រមាណ២,៩ទ្រីលានដុល្លារអាមេរិក នៅក្នុងមូលនិធិចំនួន១៥៣.០០០មូលនិធិ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here