ដោយៈ ហ្វីអូណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត “គោលការណ៍ណែនាំស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ”។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក Will Parks តំណាងប្រចាំប្រទេសអង្គការយូនីសេហ្វ(UNICEF) នៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី Manveen Kohli តំណាងភាពជាដៃគូសកល ដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ (GPEVAC) ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងសិស្ស-និស្សិត ។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” នេះគឺជាសមទ្ធិផលថ្មីមួយ ដែលត្រូវបានរៀបចំឡើងដោយក្រុមការងារ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការសហការជាមួយ អង្គការយូនីសេហ្វប្រចាំកម្ពុជា និងភាគីពាក់ពន្ធនានា ក្នុងគោលដៅរៀបចំនូវវិធានការច្បាស់លាស់ ដើម្បីថែរក្សាសុវត្ថិភាពរបស់កុមារ លើប្រព័ន្ធអនឡាយ និងនៅពេលពួកគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងឧបករណ៍ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ឬម៉ាស៊ីនស្វ័យសិក្សា (Machine-Learning) និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធផលនៅពេលដែលកុមារជួបប្រទះហានិភ័យ។
ស្របតាមគោលការណ៍ របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ការការពារកុមារ គឺជាទំនួលខុសត្រូវរួម របស់ភាគីពាក់ព័ន្ធទាំងអស់ រាប់បញ្ជូលទាំងអ្នកធ្វើនយោបាយ វិស័យឯកជន ឪពុកម្ដាយ អាណាព្យាបាល អ្នកធ្វើការក្នុងវិស័យអប់រំ។
លោករដ្ឋមន្រ្តីបានណែនាំឲ្យក្រុមហ៊ុន ច្ចេកវិទ្យាឌីជីថលទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ចូលរួមអនុវត្តតាមគោលការណ៍ណែនាំនេះ ដើម្បីធ្វើយ៉ាងណាឱ្យកុមារកម្ពុជា មានអ៊ីនធឺណិតប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងឱ្យពួកគេក្លាយជាពលរដ្ឋឌីជីថលរឹងមាំដែលទ្រទ្រង់ ដល់ដំណើរកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក៕