ដោយ: គង់ លាងហួរ
អន្តរជាតិ: គណៈរដ្ឋមន្ត្រីថៃបានឯកភាព អនុញ្ញាតឱ្យពលករបរទេសចំនួន៥០០.០០០នាក់ ដែលមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមស្នាក់នៅ រហូតដល់ដំណាច់ខែនេះ ដើម្បីដោះស្រាយលិខិតអនុញ្ញាតការងាររបស់ពួកគេ ឱ្យទៅធ្វើការដោយស្របច្បាប់ និងរស់នៅក្នុងប្រទេសថៃ។នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានឡាវ Laotian Times នៅថ្ងៃសុក្រនេះ។
លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលបានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា ការឯកភាពនេះ ត្រូវបានសម្រេចឈានដល់នៅថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីកម្មវិធីលើកលែងទោសមួយ ត្រូវបានដាក់ចេញជាលើកដំបូង នៅក្នុងប្រទេសថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ។
បន្ទាប់ពីកម្មវិធីនេះបានបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា អាជ្ញាធរការងារថៃបានរកឃើញថា នៅមានកម្មករជាង៥០០.០០០នាក់ ដែលមិនទាន់ចេញមុខ នៅឡើយ ដោយលើកឡើងពីការលំបាកផ្នែករដ្ឋបាល និង/ឬផ្នែកហិរញ្ញវត្ថុ។
កម្មវិធីនេះមានគោលបំណងអនុញ្ញាត ឱ្យពលករចំណាកស្រុកខុសច្បាប់មកពីប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម អាចបង្ហាញខ្លួន និងចូលមកចុះឈ្មោះ ដោយមិនទទួលរងការផាកពិន័យ ឬដាក់ទោស។
លោកស្រី Traisuree បានសង្កត់ធ្ងន់ទៀតថា ការបន្តកម្មវិធីនេះនឹងអនុញ្ញាត ឱ្យពលករចំណាកស្រុកកាន់តែច្រើន ត្រូវបានការពារក្រោមច្បាប់ការងាររបស់ប្រទេសថៃ។
លោកស្រីបានបញ្ជាក់ថា “បញ្ហានេះមានសារៈសំខាន់ណាស់ ដោយសារពលករចំណាកស្រុក គឺជាផ្នែកដ៏សំខាន់មួយនៃកម្លាំងពលកម្ម និងជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩របស់ប្រទេសថៃ”៕