ដោយៈ គង់ សូរិយា
ខេត្តកែបៈ ក្នុងចំណោមគ្រួសាររបស់ពលរដ្ឋ រស់នៅស្រុកដំណាក់ចង្អើរទូទាំង១១ភូមិ ក្នុងឃុំចំនួន២ ការតបណ្តាញទឹកស្អាតរបស់ក្រុមហ៊ុន ដែលបានសិទ្ធក្នុងការវិយោគ ទើបតែសម្រេចបាន៤៥៤គ្រួសារ ក្នុងចំណោម៥,២៥៣គ្រួសារ ឬស្មើហ្នឹង១០% នៃលទ្ធផលសរុប។
កត្តានេះបានធ្វើអោយ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានកំណត់ឲ្យក្រុមហ៊ុននេះ បញ្ចប់ការតបណ្តាញទឹកនៅត្រឹមឆ្នាំ២០២៥ និងធានាថាពលរដ្ឋមានទឹកស្អាតប្រើប្រាស់។ ់
ការដាក់កំហិតនេះធ្វើឡើង ក្នុងពេលដែលលោកចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យទីតាំងរបស់ក្រុមហ៊ុនខាងលើ ដែលស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
លោកចម ប្រសិទ្ធ បានបញ្ជាក់ថា ក្រសួងបានផ្តល់អាជ្ញាបណ្ណរហូតដល់២០ឆ្នាំ ក្នុងវិនិយោគលើការផលិត ចែកចាយទឹកស្អាតនេះ តែគិតមកទល់ពេលនេះ ក្រុមហ៊ុនទើបសម្រេចប្រមាណ១០% នៃចំនួនខ្នងផ្ទះសរុប ដែលជាលទ្ធផលមិនឆ្លើយតប ទៅហ្នឹងការចង់បានរបស់ក្រសួងនោះទេ ដូចនេះក្រុមហ៊ុនត្រូវរៀបចំផែនការឡើងវិញ ធ្វើយ៉ាងណាក្នុងឆ្នាំ២០២៥ ត្រូវតែមានបណ្តាញទឹកស្អាតចូលទៅដល់តាមខ្នងផ្ទះរបស់ប្រជាជន។
ជាមួយបញ្ហាប្រឈមនេះ លោកទេសរដ្ឋមន្រ្តី បានផ្តល់នូវគន្លឹះច្រើនយ៉ាង សម្រាប់អោយក្រុមហ៊ុនមានជម្រើស យកទៅសម្រេចគោលដៅ តែតម្តល់ផលប្រយោជន៍ពលរដ្ឋជាចម្បង។លោកបញ្ជាក់ថា “ក្រសួងនឹងពិចារណា ស្វែងរកដៃគូថ្មី ប្រសិនបើក្រុមហ៊ុននៅតែបន្តភាពយឺតយ៉ាវដូចនេះ”។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ក្នុងនាមអាជ្ញាធរដែនដីឯកឧត្តម សង្ឃឹមក្រុមហ៊ុននេះ និងសម្រេចតាមបានការចង់បាន របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលធ្វើយ៉ាងណាត្រឹមឆ្នាំ២០២៥ ពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់។ទោះយ៉ាងណា ក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តតាមដានរាល់កិច្ចការនេះ ដើម្បីធានាពលរដ្ឋបានទឹកប្រើប្រាស់តាមផែនការ។
តាំងពីឆ្នាំ២០១៧មក ក្រសួងបានផ្តល់សិទ្ធវិនិយោគ ទឹកស្អាត ជូនក្រុមហ៊ុនរបស់ លោកស្រី អ៊ុក សោភា (រយៈពេល២០ឆ្នាំ) ក្នុងការផលិតទឹកស្អាត និងលក់ទៅអោយប្រជាពលរដ្ឋប្រើប្រាស់ នៅទូទាំង១១ភូមិ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប តែមិនមានលទ្ធផលអ្វីជាដុំកំភួន រហូតដល់ឆ្នាំ២០២២ ក្រុមហ៊ុនខាងលើបានផ្ទេរសិទ្ធវិនិយោគនេះទៅអោយក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរ របស់លោកស្រីវង្ស សោភ័ណ ក្នុងការបន្តផលិតនិងចែកចាយទឹកស្អាតនេះ៕








