ដោយ: គង់ លាងហួរ
ហាណូយ: ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមក្នុងការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់ប្រទេសនេះ ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choo Kyung-ho បានជួបជាមួយសមភាគីវៀតណាម លោក Nguyen Chi Dung នៅទីក្រុងហាណូយ ដោយផ្តល់ប្រាក់ចំនួន២ពាន់លានដុល្លារ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងបានបន្ថែមថា ទឹកប្រាក់ចំនួន២ពាន់លានដុល្លារដាច់ដោយឡែកក៏នឹងត្រូវបានផ្តល់ជូនផងដែរតាមរយៈកម្មវិធីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDPF) ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានសម្រេចចុះហត្ថលេខា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃរបស់ប្រធានាធិបតីកូរ៉េលោក Yoon Suk Yeol ទៅកាន់ប្រទេសវៀតណាម។
ក្រសួងហិរញ្ញវត្ថុបានបន្ថែមថា “យើងមានគោលបំណងពង្រីកវត្តមានរបស់ក្រុមហ៊ុនកូរ៉េ តាមរយៈការបន្តកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃខ្ពស់ ដូចជាគម្រោងផ្លូវដែកល្បឿនលឿន សមត្ថភាពមធ្យម និងរថភ្លើងក្រោមដី តាមរយៈកម្មវិធី EDCF និងកម្មវិធី EDPF។
ទីក្រុងសេអ៊ូលបានចាប់ផ្តើមកម្មវិធី EDCF ក្នុងឆ្នាំ១៩៨៧ ដើម្បីជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ពួកគេ។ចំណែក កម្មវិធី EDPF ត្រូវបានដំណើរការដោយធនាគារអភិវឌ្ឍកូរ៉េដែលគ្រប់គ្រងដោយរដ្ឋ៕







