អ្នកវិភាគ: បុគ្គលដែលមានប្រាក់ចំណូលប្រចាំខែ១.០០០ដុល្លារ ទើបមានលទ្ធភាពទិញផ្ទះនៅទីក្រុងហូជីមិញបាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Vo Hong Thang អគ្គនាយករងនៃក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ DKRA Group បានលើកឡើងថា ប្រាក់ចំណូលប្រចាំខែចំនួន១.០០០ដុល្លារ នឹងគ្រប់គ្រាន់ក្នុងការបង់រំលោះសម្រាប់អាផាតម៉ិនទំហំ៥០ម៉ែត្រការ៉េ ដែលមានបន្ទប់គេងមួយស្ថិតនៅចម្ងាយប្រហែល១៥គីឡូម៉ែត្រ ពីតំបន់កណ្តាលទីក្រុងហូជីម៉ិញ។

ក្រុមហ៊ុន​DKRA Group ដែល​បាន​និង​កំពុង​ប្រមូល​ទិន្នន័យ​ពី​អតិថិជន​បង់​រំលស់ ​ក្នុង​ទីក្រុង​ហូជីម៉ិញ ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះបានឱ្យដឹងថា បុគ្គលត្រូវមានប្រាក់ចំណូលចន្លោះពី ៣៥ ទៅ៤០លានដុង ទើបអាចទិញអាផាតម៉ិន ដែលមានទំហំ៦០ទៅ៧០ម៉ែត្រការ៉េបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Vo Hong Thang បានបន្តថា “សម្រាប់បុគ្គល ដែលមានប្រាក់ចំណូលតិចជាង២៥លានដុងក្នុងមួយខែ ការទិញផ្ទះអាចជាបន្ទុកមួយ ដោយសារតែបំណុលដ៏ធំ ហើយលោកណែនាំប្រជាជនក្មេងៗ ឱ្យខ្ចីប្រាក់មិនលើសពី៤០%នៃតម្លៃអចលនទ្រព្យមួយនោះទេ”។

លោកបានចង្អុលបង្ហាញថា មានប្រជាជនជាច្រើន បានធ្វើចំណាកស្រុកពីបណ្តាខេត្តផ្សេងៗ មកកាន់ទីក្រុងហូជីម៉ិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ហើយពួកគេមានតម្រូវការក្នុងការទិញផ្ទះ។ ដូច្នេះ​ទីក្រុង​ គួរ​តែ​មាន​គោលនយោបាយ​កម្ចី ​ជាប់លាប់​រយៈពេល​៥ឆ្នាំ ឬ១០ឆ្នាំ ​ដើម្បី​ជួយ​ដល់​អ្នក​ទិញ​ផ្ទះ​លើកដំបូង។

ចំណែកលោក Phan Cong Chanh នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Phu Vinh បានមានប្រសាសន៍ថា អត្រាការប្រាក់ លើប្រាក់កម្ចីបច្ចុប្បន្នប្រហែល១៣% គឺខ្ពស់ពេកសម្រាប់មនុស្សភាគច្រើនដែលចង់ទិញផ្ទះ។

លោកបានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មនុស្សជាច្រើនបានមើលឃើញថា ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ដោយសារតែជំងឺកូវីដ១៩ និងបញ្ហាប្រឈមមុខខាងផ្នែកសេដ្ឋកិច្ច ហើយចំពោះមនុស្សជាច្រើន ដែលចង់ទិញផ្ទះឥឡូវនេះ បានត្រឹមក្លា​យ​ជាក្តីសុបិនដែលមិនអាចសម្រេចបាន។

លោកបានបញ្ជាក់ទៀតថា អាផាតម៉ិនដែលមានតម្លៃសមរម្យប្រហែល៣០លានដុងក្នុងមួយម៉ែត្រការ៉េ កំពុងបាត់ខ្លួនពីទីផ្សារក្នុងក្រុងហូជីមិញ ហើយអ្នកទិញផ្ទះលើកដំបូង ត្រូវក្រឡេកទៅមើលអាផាតម៉ិន ដែលមានតម្លៃ៤០លានដុង និងខ្ពស់ជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here