វៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស(FDI) បានជាង១៣ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១

ដោយៈ តែម សុខុម

ហាណូយ: ទិន្នន័យពីការិយាល័យស្ថិតិទូទៅបង្ហាញថា ប្រទេសវៀតណាម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបបានចំនួន១៣,៤៣ពាន់លានដុល្លារអាមេរិក គិតពីដើមឆ្នាំនេះមកទល់នឹងថ្ងៃទី២០ ខែមិថុនា។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា។

ក្នុងរយៈពេលនេះ មានគម្រោងចុះបញ្ជីថ្មីចំនួន១.២៩៣គម្រោងជាមួយនឹងដើមទុន សរុប៦,៤៩ពាន់លានដុល្លារអាមេរិក ដោយកើនឡើង៧១,៩% គិតពីចំនួនគម្រោង និងកើនឡើង៣១,៣%គិតពីចំនួនដើមទុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងវិនិយោគថ្មីៗទាំងនេះ ភាគច្រើននៅក្នុងវិស័យកែច្នៃ និងផលិតកម្ម និងអាជីវកម្មអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះដែរ ដើមទុន២,៩៣ពាន់លានដុល្លារ ត្រូវបានបន្ថែមទៅលើគម្រោង ដែលមានស្រាប់ចំនួន៦៣២គម្រោង។

តម្លៃនៃការរួមចំណែកដើមទុន និងកិច្ចព្រមព្រៀងទិញភាគហ៊ុនបានកើនឡើង៧៦,៨% ឈានដល់ជាង៤ពាន់លានដុល្លារ។

ក្នុងចំណោមប្រទេស និងដែនដីចំនួន៥៧ ដែលមានគម្រោងវិនិយោគថ្មីៗ នៅក្នុងប្រទេសវៀតណាម ប្រទេសសិង្ហបុរី គឺជាអ្នកវិនិយោគធំបំផុត ជាមួយទុនវិនិយោគចំនួន១,៧៩ពាន់លានដុល្លារ បន្ទាប់មកប្រទេសចិន ជាមួយទុនវិនិយោគ១,២៩ពាន់លានដុល្លារ និងប្រទេសជប៉ុន បានបោះទុនវិនិយោគ៣៨៦លានដល្លារ៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here